អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់ពីផែនការសម្រាប់កំណែទម្រង់ដ៏ទូលំទូលាយនៃស្ថាប័នពិភពលោក។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អគ្គលេខាធិការ លោក Antonio Guterres ច្បាស់ណាស់មានបំណងជំរុញឱ្យមានកំណែទម្រង់ប្រកបដោយមហិច្ឆតាចំពោះអង្គការនេះ មិនត្រឹមតែសន្សំប្រាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាពថែមទៀត។
យោងតាមលោក Dujarric បានឲ្យដឹងថា អង្គការសហប្រជាជាតិ នឹងពិនិត្យមើលពីរបៀបដែលខ្លួនប្រើប្រាស់ធនធានរបស់ខ្លួន ពិនិត្យមើលអាណត្តិពីរដ្ឋជាសមាជិក និងពិចារណាលើការផ្លាស់ប្តូររចនាសម្ព័ន្ធចំពោះប្រព័ន្ធ UN ។
លោក បានបន្ថែមថា យើងស្នើឲ្យមន្ត្រីជាន់ខ្ពស់ និងអ្នកដទៃទៀតដាក់សំណើ និងរបៀបដែលយើងអាចធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។
អ្នកនាំពាក្យរូបនេះ បន្តថា អគ្គលេខាធិការនឹងរាយការណ៍ត្រឡប់ទៅប្រទេសជាសមាជិកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីបញ្ហាហិរញ្ញវត្ថុ ដោយសារតែអង្គការសហប្រជាជាតិ ជំពាក់ប្រាក់អាមេរិក ២.៧ ពាន់លានដុល្លារ ៕

ដោយ៖ ពេជ្រ