អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួម។

ការលើកឡើងបែបនេះរបស់ លោក ប៉េង ពោធិ៍សា ធ្វើទ្បើងនាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យរបស់ពលករកាលពី ១៣៩ឆ្នាំមុន ដែលបានទាមទារឲ្យមានការទទួលស្គាល់តម្លៃ នៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង។ លោកបន្តថាសម្រាប់ប្រទេសកម្ពុជាយើងវិញ រាជរដ្ឋាភិបាលបានប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភា រៀងរាល់ឆ្នាំ ដែលជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិតទាំងអស់ ហើយនៅឆ្នាំនេះ ក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំបំផុសឲ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងរោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដូចជាកម្មវិធីដែលយើងបាននិងកំពុងដំណើរការរៀបចំធ្វើនាពេលនេះ។

លោកអភិបាលខេត្តក៏បានស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឲ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ហើយសូមយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិត ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួមដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឲ្យបាននូវ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»៕




