ទីភ្នាក់ងារព័ត៌មាន ANI របស់ឥណ្ឌា បានរាយការណ៍ដោយដកស្រង់ប្រភពការពារជាតិថា យោធាប៉ាគីស្ថាន បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតាមព្រំដែនអន្តរជាតិជាមួយឥណ្ឌា។

ប្រភពដដែល បានបន្ថែមថា ប៉ុន្មានថ្ងៃមុនកងទ័ពប៉ាគីស្ថាន រំលោភលើបទឈប់បាញ់តែនៅតាមបណ្តោយបន្ទាត់ដែលខ្លួនគ្រប់គ្រងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ រំលោភចូលព្រំដែនអន្តរជាតិនៅតាមព្រំដែនអន្តរជាតិក្នុងសង្កាត់ Jammu តែម្ដង។
សង្កាត់ Paragwal ស្ថិតនៅក្នុងទីក្រុង Jammu នៃទឹកដីសហភាពនៃប្រទេសឥណ្ឌានៃតំបន់ Jammu និង Kashmir ភាគខាងត្បូងនៃបន្ទាត់ត្រួតពិនិត្យ តាមបណ្តោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរវាងឥណ្ឌា និងប៉ាគីស្ថាន។
ទន្ទឹមនោះ កងទ័ពឥណ្ឌា បានឲ្យដឹង នៅមុននេះថា កាលពីយប់ថ្ងៃទី ២៩-៣០ ខែមេសានេះ យោធាប៉ាគីស្ថាន បានបាញ់កាំជ្រួចធុនតូចដោយមិនញញើតឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងទល់មុខក្រុង Naushera, Sunderbani និង Akhnoor ក្នុងទឹកដីសហភាពនៃតំបន់ Jammu និង Kashmir ដោយកងទ័ពឥណ្ឌា ឆ្លើយតបភ្លាមៗផងដែរ។
គួរបញ្ជាក់ថា របាយការណ៍នៃការរំលោភបទឈប់បាញ់ នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន បានចូលមកដល់មួយសប្តាហ៍ ចំពេលមានភាពតានតឹងរវាងទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ ដែលបណ្តាលមកពីការវាយប្រហារភេរវកម្មដ៏សាហាវនៅ Jammu និង Kashmir ៕

ដោយ៖ ពេជ្រ