តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវកាលពីថ្ងៃទី២៣ ៤ ២០២៥នេះបាន អញ្ជើញចុះពិនិត្យមើលការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ ។

ដោយមានការអញ្ជើញចូលរួម លោកញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងសហគមន៍ផងដែលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាសពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ មានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទី ផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។ លោកអភិបាលស្រុក បានបន្តទៀតថា នៅក្នុងនោះ សហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ពង ជាប្រចាំថ្ងៃដល់ សហគមន៍ ដើម្បីផលិត ជាពងទាកូន និង ពងសាប សម្រាប់លក់លើទីផ្សារផងដែរ។

គួរបញ្ជាក់ថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ៕តាកែវ



