កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ខណដែលការឃាត់ខ្លួននោះធ្វើទ្បើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ពាក់ព័ន្ធបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។
តាមព័ត៌មានទទួលបាន ការឃាត់ខ្លួន នេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេត និងប្រមូលបានភស្តុតាងតាំងពីចុងឆ្នាំ២០២៤មក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
តាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ អ្នកនាំពាក្យក៏បានសង្កត់ធ្ងន់ថា នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ាង សុខយាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

