កីឡាករ Matheus Nunes របស់ Manchester City បានស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមដើម្បីសង្គ្រោះក្រុមទទួលបានជ័យជម្នះ ២-១ ក្នុងក្របខ័ណ្ឌ Premier League យ៉ាងសំខាន់លើក្រុម Aston Villa កាលពីថ្ងៃអង្គារ ដើម្បីប្រជែងកៅអី Champions League រដូវកាលក្រោយ។
សម្រាប់ការប្រកួតនេះក្រុមម្ចាស់ផ្ទះ Man City បានបើកការនាំមុខមុននៅនាទីទី៧ ដោយកីឡាករ Bernardo Silva ប៉ុន្តែបាល់ប៉េណាល់ទីរបស់ Marcus Rashford នាទីទី១៨ ជួយឲ្យ Aston Villa តាមស្មើវិញ។ លុះការប្រកួតជិតនឹងបញ្ចប់ទៅហើយ Nunes បានស៊ុតបាល់បញ្ចូលទីនាទីទី ៩៤ ជួយឲ្យ Man City ឡើងលេខ៣ ក្នុងតារាង Premier League វិញដោយមាន ៦១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១៨ពិន្ទុ៕
