ក្លឹបបឹងកេត បានប្រកាសលើកពេលការប្រកួតជើងទី២ ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង វគ្គ៤ក្រុមចុងក្រោយពានរង្វាន់សម្ដេច ហ៊ុន សែន ដែលត្រូវថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់កីឡាករក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ២០២៤-២០២៥ ជាមួយក្លឹប FK Arkadag នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមលោក បែ មករា អគ្គលេខាធិការក្លឹបបឹងកេត។
លោក បែ មករា បាននិយាយថា “ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ដែលក្លិបបឹងកេតតែងតែប្រកាន់ខ្ជាប់ ភាគីក្លិបបឹងកេត គាំទ្រនិងបានស្នើសូមរួចទៅហើយទៅគណៈកម្មការដើម្បីឱ្យមានការលើកពេលការប្រកួតជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងគោលបំណងទុកពេលវេលានិងកម្លាំងគ្រប់គ្រាន់ដល់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC Challenge League។
លោកបន្តថា គឺភ្លាមៗក្រោយពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League យើងបានចូលរួមអបអរសាទរចំពោះមោទនភាពបាល់ទាត់ជាតិយើងទាំងអស់គ្នាហើយពួកយើងបានជួបជជែកពិភាក្សាគ្នាជាមួយក្លិបបាល់ទាត់ព្រះខ័នស្វាយរៀងអំពីការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ដើម្បីផលប្រយោជន៍រួមនៃបាល់ទាត់កម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាអំពីកម្មវត្ថុផ្លាស់ប្តូរកាលបរិច្ឆេទថ្មី និងបានដាក់សំណើទៅគណៈកម្មការប្រកួតរួចរាល់ ដោយកំពុងរង់ចាំតែការឆ្លើយតបមកវិញតែប៉ុណ្ណោះ។
ក្លិបបាល់ទាត់បឹងកេត សូមអរគុណដល់អ្នកគាំទ្របាល់ទាត់កម្ពុជាគ្រប់រូប និងសូមឱ្យអ្នកគាំទ្រចូលរួមគាំទ្រនិងលើកទឹកចិត្តក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលតំណាងឱ្យលីគបាល់ទាត់កម្ពុជាទាំងមូលប្រកួតដណ្ដើមជើងឯកពានរង្វាន់ទ្វីបអាស៊ីជាប្រវត្តិសាស្ត្រ៕
