យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គឺបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងលួចជីករ៉ែមាសអនាធិបតេយ្យ ជាលក្ខណៈគ្រួសារ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាង គ្រោះថ្នាក់ដល់អាយុជីវិត និងការប្រឈមទោសទណ្ឌ។

សូមជម្រាបថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា នៅក្នុងសេចក្តីបំភ្លឺជូនសាធារណជន ពីចំណាត់ការផ្លូវច្បាប់ចំពោះជនល្មើស ដែលបានប្រព្រឹត្តបទព្រៃឈើ និងរ៉ែខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ បន្ទាប់ពីមានការចោទប្រកាន់ថា ចំណាត់ការផ្លូវច្បាប់នោះ គឺមានតែចំពោះពលរដ្ឋតូចតាច។
ពាក់ព័ន្ធករណីនេះ មន្ទីរបរិស្ថានបានចុះបង្ក្រាបយ៉ាងសកម្មនូវសកម្មភាពនៃការរុករករ៉ែ ដោយគ្មានលិខិតអនុញ្ញាត ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែមេសា មន្ទីរបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ ហើយនាំយកមកមន្ទីរបរិស្ថានដើម្បីសាកសួរបំភ្លឺ និងបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តមណ្ឌលគិរីផងដែរ។

មន្ទីរបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល កំពុងលួចធ្វើរ៉ែមាសអនាធិបតេយ្យគ្រប់រូបភាព ជាលក្ខណៈគ្រួសារនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវតែបញ្ឈប់ នូវរាល់សកម្មភាពទាំងអស់ និងរាយការណ៍មកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឬតាមរយៈប្រព័ន្ធលេខទូរស័ព្ទ ០៩០ ៥២៣ ៤៥៦ ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសធនធានរ៉ែ ដែលជាប្រយោជន៍រួមរបស់ជាតិ ក៏ដូចជា បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសង្គម និងមានហានិភ័យដល់ការបាត់បង់អាយុជីវិតថែមទៀត។ចំពោះបទល្មើសដឹកជញ្ជូនឈើ មន្ទីរបរិស្ថាន បានធ្វើការចុះអង្កេត ស្រាវជ្រាវ នៅទីតាំងដែលជនសង្ស័យលួចចូលកាប់ ៣លើករួចមកហើយ។ ក្នុងនោះបានទប់ស្កាត់ និងបង្ក្រាបបានជនសង្ស័យចំនួន២នាក់ បញ្ជូនទៅកាន់សាលាដំបូង ខេត្តចាត់ការតាមនីតិវិធីរួចរាល់ផងដែរ។
បន្ថែមពីនោះ មន្ទីរក៏បានដាក់វិធានការយ៉ាងតឹងរឹង ចំពោះមន្ត្រីនៅតាមស្នាក់ការ ដើម្បីល្បាត និងទប់ស្កាត់ជា ប្រចាំ នូវបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ។

ក្រៅពីនោះ ចំពោះក្រុមហ៊ុនមានអាជ្ញាប័ណ្ណសិក្សា រុករក និងធ្វើអាជីវកម្មរ៉ែក្នុងតំបន់ការពារធម្មជាតិ មន្ទីរ បានចុះត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុនជាប្រចាំ និងចាត់វិធានការចំពោះរាល់ក្រុមហ៊ុន ដែលមិន អនុវត្តតាមកិច្ចសន្យាកិច្ចការពារបរិស្ថាន។
មន្ទីរបរិស្ថានបានលើកឡើងថា សកម្មភាពទាំងអស់នេះ បង្ហាញពីការអនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ខ្លួន ដែលមិនដូចការចោទប្រកាន់នោះទេ។
ពលរដ្ឋ២នាក់ ក្នុងចំណោម៩នាក់ រស់នៅក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានដីច្រាំងអូរបាក់សង្កត់ នៅពេលដែលពួកគេកំពុងតែកាយដីបាតអូរ រករ៉ែមាស ក្នុងរដូវប្រាំងនេះ កាលពីដើមខែមេសានេះ។ ក្នុងនោះ ម្នាក់ត្រូវបានដីបាក់សង្កត់កប់ ត្រឹមពាក់កណ្តាលខ្លួន ហើយត្រូវបានជួយសង្គ្រោះទាន់ពេល។ ប៉ុន្តែម្នាក់ ទៀតត្រូវដីកប់លិចបាត់ ជួយសង្គ្រោះ មិនទាន់ពេលវេលា ដែលបណ្តាលឱ្យបាត់បង់ជីវិត៕

