លោក Akazawa Ryosei រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចរបស់ជប៉ុនបានធ្វើការចរចាពាណិជ្ជកម្មជុំដំបូងជាមួយសមភាគីអាមេរិក។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញក្នុងទីក្រុងវ៉ាស៊ីនតោន។

នៅមុនពេលការចរចា លោក Akazawa បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump ប្រហែលមួយម៉ោងនៅសេតវិមាន។ ព័ត៌មានលម្អិតនៃកិច្ចប្រជុំនេះមិនត្រូវបានគេបង្ហើបឱ្យដឹងនោះទ្បើយ។
បន្ទាប់ពីជំនួបនោះ លោក Trump បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាជាកិត្តិយសដ៏អស្ចារ្យដែលទើបបានជួបជាមួយគណៈប្រតិភូជប៉ុនស្តីពីពាណិជ្ជកម្ម ដែលបង្ហាញនូវវឌ្ឍនភាពធំ។
ក្រៅពីនោះលោក Akazawa បានជួបពិភាក្សាជាមួយរដ្ឋលេខាធិការរតនាគារលោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មលោក Jamieson Greer ផងដែរ។ ក្នុងជំនួបនោះលោកទំនងជាបានពន្យល់ពីតួនាទីសំខាន់ដែលការវិនិយោគរបស់ជប៉ុនដើរតួក្នុងសេដ្ឋកិច្ចអាមេរិក។ ទន្ទឹមនោះលោកក៏បានជំរុញឱ្យពួកគេពិនិត្យមើលឡើងវិញនូវវិធានការពន្ធគយថ្មីរបស់ Trump ផងដែរ។ លោក Akazawa ថែមទាំងបានអំពាវនាវយ៉ាងខ្លាំងឱ្យពិនិត្យឡើងវិញនូវពន្ធគយខណៈពេលដែលស្តាប់ដោយប្រុងប្រយ័ត្នចំពោះការទាមទាររបស់សហរដ្ឋអាមេរិក។ លោក Akazawa បានថ្លែងឲ្យដឹងថា ជប៉ុន និងអាមេរិកបានយល់ព្រមឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។
បន្ទាប់ពីការចរចារួច លោក Akazawa បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរបានយល់ព្រមធ្វើកិច្ចចរចាដោយស្មោះត្រង់ និងស្ថាបនា ដោយមានគោលបំណងឈានដល់កិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលនឹងត្រូវបានប្រកាសដោយមេដឹកនាំនៃប្រទេសទាំងពីរ។
លោកក៏បានឲ្យដឹងដែរថា ភាគីទាំងពីរបានយល់ព្រមរៀបចំឱ្យមានកិច្ចពិភាក្សាជុំបន្ទាប់នៅមុនដំណាច់ខែនេះ និងបន្តការពិភាក្សាកម្រិតការងារបន្ថែមលើកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី៕
