ខេត្តរតនគិរី៖ អាជីវករលក់ដូរក្នុងផ្សារបានលុង បង្ហាញនូវការសប្បាយរីករាយ នៅពេលមុខទំនិញលក់ដូរដាច់ច្រើន មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានដែលជិតចូលមកដល់ខាងមុខនេះ។

ទោះបីភ្លៀងធ្លាក់តិចតួចនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ប៉ុន្តែក្រុមអាជីវករនៅក្នុងផ្សារបានលុង កំពុងមមាញឹកលក់ដូរដូចជា ខោអាវ ស្បែកជើង គ្រឿងអលង្ការ និងគ្រឿងក្រអូប ខណៈការលក់ដូរដាច់គួរសមគ្រាន់បើជាងមុន។
អ្នកស្រី ធា ជាអាជីវករលក់សាច់ជ្រូក អ្នកស្រី លីដា លក់គ្រឿងក្រអូប និងអ្នកស្រី ជា ចំរើន លក់ខោអាវ រួមជាមួយក្រុមអាជីវករលក់របស់របរផ្សេងៗទៀត បានលើកឡើងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះលក់ដាច់គួរសម ពេលដែលរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងជិតឈានចូលមកដល់ ហើយរបស់របរ ដែលពួកគាត់មមាញឹកក្នុងការលក់នោះ មានដូចជាគ្រឿងក្រអូប ខោអាវ ស្បែកជើង គ្រឿងអលង្ការ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ជាពិសេស គឺគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្រុមអាជីវករបានលើកឡើងទៀតថា ចាប់តាំងពីដាច់ខែមីនាចូលខែមេសាមកនោះ ពួកគាត់បានលក់ដូរដាច់គួរសមជាមុន ហើយចំពោះការលក់ដូររបស់ពួកគាត់ គឺពុំមានឡើងថ្លៃអ្វីនោះទេ ដោយការលក់ដូរគិតតាមតម្លៃសមរម្យតាមហាងឆេងទីផ្សារ។
ក្រុមអាជីវករបានបន្ថែមថា ការលក់ដូរពួកគាត់បានដាច់មមាញឹកយ៉ាងដូច្នេះ ដោយសាររដូវនេះ គឺជារដូវដែលប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុក ភូមិ នានា ក្នុងភូមិសាស្ត្រខេត្តរតនគិរី គឺដល់រដូវដែលប្រមូលផល គ្រាប់ស្វាយចន្ទី ដំឡូងមី និងរដូវដែលពួកគាត់រកថវិការបានពីការរើសផ្លែសំរ៉ងផងដែរ។
ចំពោះការងារសន្តិសុខនៅក្នុងផ្សារ គឺសុវត្ថិភាពបានល្អប្រសើរមិនមានការកើតឡើងដោយសារការរំខានពីការលួចឆក់ប្លន់នោះទេ៕



