ព្រះសីហនុ៖ នៅសណ្ឋាគារសុខា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបើកអង្គវិបស្សនា បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន។

អគ្គលេខាធិការរដ្ឋាន ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ឆ្លុះបញ្ចាំងពីការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
លើសពីនេះ អង្គវិបស្សនាក្លាយជាវេទិកាមួយក្នុងការពង្រឹងកិច្ចសហការ យន្តការការងារ និងទទួលបានការតម្រង់ទិសដើម្បីអនុវត្តកិច្ចការអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសក៏ជាឱកាសមួយក្នុងការអភិវឌ្ឍសមត្ថភាពជាមូលដ្ឋាន ដើម្បីឆ្លើយតបការវិវត្តយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល។

នាឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោលអគ្គលេខាធិការ ដែលបានដឹកនាំ និងរៀបចំឱ្យមានកម្មវិធីនេះឡើង។ ទន្ទឹមនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងលើកនូវចំណុចចំនួន ៥ខំណុចដូចខាងក្រោមរួមមាន៖
១. ការបម្រែបម្រួលសណ្ដាប់ធ្នាប់ពិភពលោក ដែលអាចជះឥទ្ធិលពលលើប្រទេសកម្ពុជា
២. កំណែទម្រង់មុខងារសាធារណៈ
៣. ការអនុវត្តថវិកាផ្ដោតលើសមិទ្ធកម្ម
៤. ទិសដៅការងារអនុវត្តបន្ត
៥. យន្កការផ្សព្វផ្សាយ
តាងនាមក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរសិរីសួស្តីឆ្នាំ វិបុលសុខគ្រប់ប្រការចូលចំរុងចម្រើនកើនកើតមានដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីគ្រប់អង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន និងបុគ្គលិកអប់រំទាំងអស់ទូទាំងប្រទេស៕






