ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរំពឹងខ្ពស់លើចំណូលដែលទទួលបានពីការរៀបចំអង្គរសង្ក្រាន្តឆ្នាំថ្មី

រាជធានីភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណដែលគ្រប់មូលដ្ឋានក្នុងទូទាំងប្រទេសបានរៀបចំអង្គរសង្រ្គាន្តដើម្បីបង្កលក្ខណឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ ហើយអ្វីជាសំខាន់នោះគឺទាក់ទាញភ្ញៀវទេសចរប្រមូលអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងខ្លួន។

លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំបានថ្លែងនូវការរំពឹងថា ឆ្នាំនេះតាមរយៈនៃការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនិងការរៀបចំពិធីអបអរឆ្នាំថ្មីនៅតាមមូលដ្ឋាននានានោះ គឺច្បាស់ណាស់វានឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន។

លោកថា ទាំងប្រជាពលរដ្ឋសហគមន៍ ទាំងប្រជាពលរដ្ឋតាមមូលដ្ឋានដែលប្រកបអាជីវកម្មទេសចរណ៍តែងតែរំពឹងទៅលើព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងព្រឹត្តការណ៍នានាដែលរដ្ឋបានរៀបចំ ហើយក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងយុវជនដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបង្ហាញពីប្រពៃណីវប្បធម៌ខ្មែរ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងសំខាន់ភ្ញៀវអន្តរជាតិមកកម្សាន្តនៅខេត្តសៀមរាប។

លោក សូត្រ សួរ បញ្ជាក់ថា ដោយសារតែមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៍ទាក់ទាញនោះហើយ ទើបមកដល់ពេលនេះភ្ញៀវទេសចរជាច្រើនបានកក់បន្ទប់ក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងបូទិកច្រើនណាស់ក្នុងខេត្តសៀមរាប ដែលនោះសរបញ្ជាក់ថាការរៀបចំអង្គរសង្ក្រាន្តមានអត្ថន័យខ្លាំងណាស់សម្រាប់ការបង្ហាញវប្បធម៌ អរិយធម៌ ល្បែងប្រពៃណីខ្នែរ និងការផ្តល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ខដល់បងប្អូនប្រជាពលរដ្ឋប្រកបអាជីវកម្មទេសចរណ៍ និងប្រជាសហគមន៍។

លោកប្រធានសហគមន៍បាគងភូមិខ្ញុំបានលើកទ្បើងថា ថ្វីត្បិតតែពិធីបុណ្យចូលឆ្នាំមានរយៈពេលតែ ២ ថ្ងៃក៏ពិតមែន តែលោកជឿថា ទេសចរជាតិនិងអន្តរជាតិខ្លះនឹងមកសម្រាកកម្សាន្តនៅខេត្តសៀមរាបមិនតិចជាង ១០ ថ្ងៃនោះទ្បើយ ព្រោះគាត់មក ៣ ថ្ងៃមុនចូលឆ្នាំ និង ៣ ថ្ងៃក្នុងពិធីសង្ក្រាន្ត និង ៣ ឬ ៤ ថ្ងៃក្រោយបន្តទៀត។

លោកបន្តថា នេះជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយជាពិសេសនោះគឺបងប្អូនប្រជាសហគមន៍បាគងភូមិខ្ញុំដែលពួកគាត់នឹងបានស្រូបយកផលប្រយោជន៍ពីពិធីអង្គសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។ យ៉ាងណាក៏ដោយលោកអះអាងថាប្រជាសហគមន៍បានរៀបចំរួចរាល់អស់ហើយដើម្បីត្រៀមទទួលនិងបម្រើដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

លោកប្រធាន ក្នុងនាមប្រតិបត្តិករទេសចរណ៍បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកចូលរួមកម្សាន្តកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។ ទន្ទឹមនោះលោកក៏សំណូមពរដល់ផ្នែកពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗទៀតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជាការទាក់ទាញភ្ញៀវទេសចរ រួមទាំងផ្តល់ការងារនិងផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋប្រកបសេវាកម្មទេសចរណ៍ សំខាន់បងប្អូនប្រជាសហគមន៍ទេសចរណ៍៕

Written by 

Related posts

Leave a Comment