រដ្ឋបាលខេត្តកណ្ដាលផ្សព្វផ្សាយស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ

រដ្ឋបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានបើកចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមវត្តមាន លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ ជូនដល់អាជ្ញាធរក្រុង-ស្រុក ម្ចាស់អាជីវកម្ម អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណ ៦០នាក់។

លោក ហាក់ សុខមករា បានមានប្រសាសន៍ថា ស្របតាមនិន្នាការ នៃការគ្រប់គ្រងល្បែងនៅតាមកាស៊ីណូ ល្បែងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងលើសកលលោកផងដែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រង ដោយគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គ.ល.ក)។

លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទបង្ហាញ របស់ក្រុមការងារជំនាញ និងមតិណែនាំសំខាន់ៗរួចមក ត្រូវចូលរួមក្នុងកិច្ចពិភាក្សាដើម្បីផ្តល់ជាធាតុចូលបន្ថែម សម្រាប់យកទៅអនុវត្តការងារគ្រប់គ្រង ប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យកាន់តែទទួលបានប្រសិទ្ធិភាពបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បទបង្ហាញដែល លើកយកមកធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះ និងសង្កត់ធ្ងន់ទៅលើ ៧ចំណុច ដូចជា៖ ១.មូលដ្ឋានគតិយុត្ត, ២.ល្បែងស៊ីសង និងល្បែងពាណិជ្ជកម្ម, ៣.លក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ, ៤.ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់, ៥.ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង, ៦.ទោសទណ្ឌ និង៧.បច្ចុប្បន្នភាពល្បែងផ្សងសំណាង។

 លោក ម៉ី ច័ន្ទវាសនា បានបញ្ជាក់ថា ក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងស្នើឡើងនូវ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខ ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានបន្តថា ច្បាប់នេះមានគោលបំណងធានាការ គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលនិងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើត ស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

លោក បន្ថែមថា តាមរយៈច្បាប់នេះ គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. ត្រូវបានបង្កើតឡើង និងមានសមាសភាពចំនួន ១១រូប មកពីក្រសួង-ស្ថាប័ន ចំនួន៧ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មដោយផ្ទាល់ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

Written by 

Related posts

Leave a Comment