ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិបាក់ដាវក្រុងអរិយក្សត្រ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិបាក់ដាវក្រោម សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរក្រៃលែង។  ឯកឧត្តមបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលតែងតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ។ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម បើទោះបីអំណោយមានលក្ខណៈតិចតួចស្តួចស្តើង ហើយពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះក៏ពិតមែន ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

នាឱកាសនោះ ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះគឺជារដូវប្រាំង ដែលអាកាសធាតុក្តៅហួតហែង ដូចនេះការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ក៏ដូចជាការប្រើចរន្តអគ្គិសនីជាដើម ប្រសិនបើយើងមានការធ្វេសប្រហែសនោះ  វាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗកើតឡើង ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជាងនេះទៀតនោះគឺប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស និងសត្វផងដែរ។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលសាខាបានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ២កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ ១ឈុត និងថវិកា១,០០០,០០០រៀល៕

Written by 

Related posts

Leave a Comment