ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលលោក នូ សាខន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ នៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០៥ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក គួច ចំរើន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ យកចិត្តទុកដាក់ក្នុងការការពារទឹកដី ប្រកបដោយស្មារតីស្នេហាជាតិ និងការស្រឡាញ់ទឹកដីពិតប្រាកដ ដែលរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន។
លោកអភិបាលខេត្ត បានបន្តថា ការជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារនៅតំបន់ព្រំដែន នាឱកាសនេះ គឺជាការបង្ហាញមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល ដែលតែងតែនឹកគិតដល់កងកម្លាំងមានសមត្ថកិច្ច ដែលលះបង់ខ្ពស់ក្នុងការការពារតាមខ្សែបណ្តោយព្រំដែន នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានឈប់សម្រាក ប៉ុន្តែកងកម្លាំងឈរជើងនៅព្រំដែន មិនបានឈប់សម្រាក ដោយនៅបន្តអនុវត្តភារកិច្ច ការពារសុខសុវត្ថិភាព និងបូរណភាពទឹកដី ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកអភិបាលខេត្ត បានបន្ថែមថា នាពេលបច្ចុប្បន្នក្រុងសំពៅពូន មានការអភិវឌ្ឍ មានអ្នកវិនិយោគិនជាច្រើន បានមកបណ្តាក់ទុកវិនិយោគនៅទីនេះ ប្រសិនបើមានករណីគ្រោះអគ្គិភ័យ កើតឡើងអាចនឹងបង្កជាហានិភ័យ ការគំរាមកំហែង ដោយសារមិនទាន់មានសម្ភារៈ ឡានពន្លត់អគ្គិភ័យគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសំណង់អគារខ្ពស់ៗជាច្រើនដែលមាននៅទីនេះ ព្រមទាំងមានការគាំទ្រពីសំណាក់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម បានទិញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះ ២គ្រឿងសម្រាប់ផ្តល់ជូនរដ្ឋបាលក្រុងសំពៅពូន និង ១គ្រឿងសម្រាប់ជូនរដ្ឋបាលស្រុកលើកដែក ដើម្បីជួយគាំទ្រគ្នាក្នុងការសង្គ្រោះ បង្ការ និងពន្លត់គ្រោះអគ្គិភ័យ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ បន្តថែរក្សាការការពារព្រំដែន បង្ក្រាបទប់ស្កាត់បទល្មើសនានា ដោយអនុវត្តតួនាទីភារកិច្ច តាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងបទបញ្ជារបស់ថ្នាក់ដឹកនាំ រួមទាំងខិតខំបង្កលក្ខណៈល្អជូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាននៅតំបន់ព្រំដែន។ បន្តរក្សាសាមគ្គី និងទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ពិសេសជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច នៃប្រទេសជាមិត្តជាប់ខ្សែបន្ទាត់ព្រំដែន។ បន្តការហាមឃាត់ការសាងសង់សំណង់នានានៅតាមខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ មានការឯកភាពគ្នាច្បាស់លាស់ ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានប្រតិកម្ម និងផ្តល់របាយការណ៍ភ្លាមៗ ករណីមានការសាងសង់ ឬរំលោភចូលចំណុចមិនទាន់មានការឯកភាពកំណត់បង្គោលព្រំដែន។
ក្នុងពិធីសំណេះសំណាលជាមួយកងម្លាំងវរៈនគរបាលការពារព្រំដែន លេខ៦០៥ និងកងកម្លាំងយោធា ការពារព្រំដែនលេខ៦០១ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវសំភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ មួយចំនួន ជូនដល់បងប្អូនជាកងកម្លាំងឈរជើងនៅព្រំដែនផងដែរ ៕




