អ៊ីស្រាអែល ទទូចឱ្យដោះលែងចំណាប់ខ្មាំង ១១ នាក់ ជាថ្នូរនឹងការឈានដល់ការរៀបចំបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើតាមកាសែត Jerusalem Post បានរាយការណ៍ ។

យោងតាមប្រភពសន្តិសុខអ៊ីស្រាអែល បានបញ្ជាក់ថា ចំណាប់ខ្មាំងដែលលើកឡើងគឺជាទាហាន ឈ្មោះ Edan Alexander កាន់សញ្ជាតិអាមេរិក និងចំណាប់ខ្មាំង ១០ នាក់ផ្សេងទៀតដែលនៅរស់។
លើសពីនេះ ភាគីអ៊ីស្រាអែល ក៏កំពុងទាមទារឱ្យចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស ផ្តល់ទិន្នន័យពេញលេញអំពីស្ថានភាពនៃចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា ផងដែរ។
ប្រភពកាសែតដដែល កត់សម្គាល់ថា ក្នុងអំឡុងពេលបទឈប់បាញ់លើកមុន ក្រុមហាម៉ាស បានផ្តល់តែព័ត៌មានទូទៅអំពីចំណាប់ខ្មាំងចំនួន ៣៣ នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន The Jerusalem Post បន្តថា ក្រៅពីការដោះលែងចំណាប់ខ្មាំងទាំងអស់ អ៊ីស្រាអែល ក៏កំពុងធ្វើការទាមទារមួយចំនួនទាក់ទងនឹងជម្រើសដែលអាចមានសម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នា រួមទាំងការបង្កើតតំបន់សន្តិសុខ នៅខាងក្នុងហ្គាហ្សាស្ទ្រីប ការដាក់ពង្រាយកងទ័ពប៉ាឡេស្ទីន និងការបណ្តេញសមាជិកក្រុមហាម៉ាសចេញពីទឹកដីរបស់ខ្លួន ៕

ដោយ៖ ពេជ្រ