បេសកជនវិនិយោគរបស់វិមានក្រឹមឡាំង លោក Kirill Dmitriev បាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការរុករកលោហៈធាតុកម្រនៅក្នុងប្រទេសរុស្ស៊ី។ លោកបានធ្វើការអត្ថាធិប្បាយនេះក្នុងបទសម្ភាសជាមួយកាសែតរុស្ស៊ី Izvestia ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ។

លោក Dmitriev ដែលដឹកនាំមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបាននិយាយថា ដីកម្រ គឺជាតំបន់សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ។ លោកបានបន្ថែមថា ភាគីទាំងពីរបានចាប់ផ្តើមនិយាយអំពី«លោហធាតុកម្រ និងគម្រោងផ្សេងៗក្នុងប្រទេសរុស្ស៊ី»។
កាលពីខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ឱកាសដល់សហរដ្ឋអាមេរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានរ៉ែកម្ររបស់ប្រទេសលោក ដោយសំដៅទៅលើតំបន់អ៊ុយក្រែនទាំងបួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ក្រុមហ៊ុនអាមេរិកមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគ។ ប៉ុន្តែលោកបានបន្ថែមថា មិនទាន់មានអ្វីជាក់លាក់នៅឡើយទេ ព្រោះទណ្ឌកម្មនៅតែមាននៅទ្បើយ៕

ដោយ៖ ពេជ្រ