ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរអ៊ីរ៉ង់ ច្រានចោលការពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងលិខិតឆ្លើយតបទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump និងបានរំលឹកឡើងវិញនូវការត្រៀមខ្លួនក្នុងការបន្តការសន្ទនាតាមរយៈអ្នកសម្របសម្រួលវិញ។

ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ីរ៉ង់ ដកស្រង់សម្តី លោក Pezeshkian ដោយលើកឡើងថា ទោះបីជាការចរចាដោយផ្ទាល់រវាងភាគីទាំង ២ ត្រូវបានច្រានចោលក្នុងការឆ្លើយតបក៏ដោយ ប៉ុន្តែចង្អុលបង្ហាញថា ការចរចាដោយប្រយោល នៅតែបើកចំហ។
អ៊ីរ៉ង់ បានសង្កត់ធ្ងន់នៅក្នុងលិខិតឆ្លើយតបរបស់ខ្លួនថា សាធារណៈរដ្ឋអ៊ីស្លាម មិនដែលគេចវេសការចរចាដោយផ្ទាល់ទេ ប៉ុន្តែការសន្យាមិនពិត គឺត្រូវដោះស្រាយដើម្បីស្ដារទំនុកចិត្តរវាងប្រទេសទាំង ២ ខណដែលជោគវាសនានៃការចរចានឹងត្រូវកំណត់ដោយអាកប្បកិរិយារបស់អាមេរិកខ្លួនឯង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានផ្ញើតាមរយៈប្រទេសអូម៉ង់នូវការឆ្លើយតបជាផ្លូវការចំពោះលិខិតរបស់លោក Trump ដែលផ្ញើទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ។ ការឆ្លើយតបមានឯកសារពីរ។ ឯកសារទីមួយ បានរៀបរាប់ពីទស្សនៈរបស់ទីក្រុងតេអេរ៉ង់ លើស្ថានភាពពិភពលោកបច្ចុប្បន្ន ហើយក្រដាសទីពីរ គឺអធិប្បាយលើសំណើដែលមាននៅក្នុងលិខិតរបស់ លោក Trump ។
កាលពីថ្ងៃទី ៧ ខែមីនា លោក Trump បានសរសេរនៅលើទំព័រ Truth Social របស់លោកថា លោក ផ្ញើសារទៅកាន់លោក Khamenei ដែលស្នើសុំការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេហេរ៉ង់ ។ ជាការឆ្លើយតប មេដឹកនាំអ៊ីរ៉ង់ បានច្រានចោលការផ្តល់ជូននេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយអាមេរិកឡើយ ព្រោះថាទីក្រុងវ៉ាស៊ីនតោន មើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុណ្ណោះ៕


ដោយ៖ ពេជ្រ