នាយករដ្ឋមន្ត្រីថៃ បានប្រកាសទីក្រុងបាងកក ជាតំបន់គ្រាអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលវាយប្រហារគ្របដណ្ដប់លើរដ្ឋធានីមួយនេះ ។

អគារធំមួយនៅតំបន់ឧទ្យាន Chatuchak ដួលរលំ និងសម្លាប់មនុស្សម្នាក់ ហើយមានការខូចខាត ត្រូវបានរាយការណ៍ពាសពេញទីក្រុង។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានបញ្ជាភ្លាមៗទៅក្រសួងមហាផ្ទៃ ឱ្យប្រកាសទីក្រុងបាងកក ជាតំបន់គ្រាអាសន្ន និងជូនដំណឹងដល់ខេត្តទូទាំងប្រទេស ដើម្បីចាត់ចែងស្ថានភាពនេះថាជាគ្រាអាសន្នជាតិ ដោយអនុញ្ញាតឱ្យមានជំនួយសាធារណៈភ្លាមៗប្រសិនបើចាំបាច់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោកស្រី Shinawatra កំពុងត្រឡប់ទៅទីក្រុងបាងកកវិញភ្លាមៗ ហើយជំរុញឱ្យសាធារណជនជម្លៀសចេញពីអគារដែល ស្ថិតក្នុងតំបន់ហានិភ័យ ហើយព្យាយាមរក្សាភាពស្ងប់ស្ងាត់ កុំស្លន់ស្លោ។ ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ត្រូវបានជម្រាបពីដំណឹងនេះ ហើយតាមសាលារៀន ត្រូវបានណែនាំឱ្យបញ្ជូនកុមារទៅផ្ទះ ។
អាជ្ញាធរ ក៏បានព្រមានថា ការរញ្ជួយដីបន្ថែមទៀតអាចនឹងកើតឡើងក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ ៕

ដោយ៖ ពេជ្រ