ប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូទ្បូញបានឲ្យដឹងថា ប្រទេសប៉ូឡូញមានគ្រាប់រំសេវដើម្បីប្រតិបត្តិការសង្រ្គាមមានរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើសង្រ្គាមកើតទ្បើង ហើយរងចាំ រហូតដល់កងកម្លាំងសម្ព័ន្ធមិត្តមកដល់។

លោក Dariusz Lukowski បានថ្លែងបែបនោះប្រាប់ទូរទស្សន៍ក្នុងស្រុក Polsat News កាលពីថ្ងៃពុធម្សិលមិញ ដោយលោកបញ្ជាក់ថាប្រទេសប៉ូឡូញបាននិងកំពុងបង្កើនការផលិតអាវុធ ដើម្បីបង្កើតសមត្ថភាពគ្រប់គ្រាន់ ត្រៀមទប់ទល់នឹងការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ីនៅពេលណាមួយនោះ។ សមាជិកណាតូមួយនេះមានព្រំដែន ១៤៤ ម៉ាយជាមួយ exclave Kaliningrad របស់រុស្ស៊ី។
គួររំលឹកថា ទីក្រុងមូស្គូធ្លាប់បានបដិសេធជាបន្តបន្ទាប់ហើយថាមិនមានចេតនាឈ្លានពានចំពោះប្រទេសណាតូ ហើយទទូចថាជម្លោះអ៊ុយក្រែនត្រូវបានបង្កឡើងដោយសារតែការពង្រីកប្លុកយោធាឆ្ពោះទៅព្រំដែនរុស្ស៊ីប៉ុណ្ណោះ។
នៅពេលអ្នកសារព័ត៌មានសួរថាតើទុនបំរុងរបស់ប្រទេសប៉ូឡូញអាចមានរយៈពេលត្រឹមតែប្រាំថ្ងៃនៃសង្រ្គាមឬអត់នោះលោក Lukowski បាននិយាយថា “អាចធ្វើទៅបាននៅក្នុងតំបន់ និងប្រភេទគ្រាប់រំសេវជាច្រើន” ទោះបីជាមិនមានគ្រប់ប្រភេទគ្រាប់ក៏ដោយចុះ។ លោកលើកទ្បើងថា អ្វីៗវាអាស្រ័យលើរបៀបដែលការប្រយុទ្ធកើតឡើង យើងអាចរក្សាប្រតិបត្តិការការពារសម្រាប់រយៈពេលមួយឬពីរសប្តាហ៍ជាមួយនឹងកម្រិតស្តុកបច្ចុប្បន្ន”។
យោងតាមលោក Lukowski ស្ថានភាពគឺធ្ងន់ធ្ងរបំផុតនៅពេលនិយាយអំពីគ្រាប់រំសេវសម្រាប់ប្រព័ន្ធសព្វាវុធចាស់ៗរបស់ប៉ូទ្បូញដែលការផលិតបានបញ្ឈប់រួចទៅហើយថែមទៀត។ លោកថា ប្រទេសប៉ូឡូញបាននឹងកំពុងបង្ហូរឃ្លាំងស្តុកអាវុធរបស់ខ្លួនដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចការបញ្ជូនអាវុធទៅក្រៅនេះ យើងបានធ្វើដោយប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែបច្ចុប្បន្ននេះយើងកំពុងញ៉ាប់ដៃញ៉ាប់ជើងដើម្បីបំពេញបន្ថែមទ្បើងវិញនូវឃ្លាំងស្តុកអាវុធទាំងអស់នោះ។
លោកក៏បាននិយាយផងដែរថា ដរាបណាជម្លោះអ៊ុយក្រែននៅតែបន្តនោះ យើងក៏ត្រូវការពេលវេលាដើម្បីកសាងឡើងវិញនូវសក្តានុពល យោធារបស់យើងផងដែរ ពោលគឺសមត្ថភាពផលិត និងបំពេញបន្ថែមនូវឃ្លាំងស្តុកទុកទាំងនោះ។ លោកអះអាងថា ប៉ូឡូញស្ថិតក្នុងចំណោមសមាជិកណាតូមួយចំនួនទៀតដែលត្រូវរងការគំរាមកំហែងពីរុស្ស៊ី ហើយក៏ជាប្រទេសដែលត្រូវប្រុងប្រយ័ត្នខ្ពស់។
ទីក្រុងវ៉ារស្សាវ៉ាបានចាប់ផ្តើមគម្រោង “Eastern Shield” ក្នុងតម្លៃ ២.៦ ពាន់លានដុល្លារ ដើម្បីពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន ខណក្រុមមន្ត្រីបង្ហាញថា គ្រាប់មីនប្រឆាំងមនុស្សអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពង្រឹងនោះ។
ទីក្រុងមូស្គូបានចំអកការអះអាងរបស់លោកខាងលិចម្តងហើយម្តងទៀតថា ខ្លួនមានបំណងវាយប្រហាររដ្ឋណាតូ ឬសហភាពអឺរ៉ុប ខណដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានច្រានចោលការលើកឡើងបែបនេះផងដែរ ហើយថា ការបារម្ភបែបនោះវា មិនសមហេតុសមផលទាល់តែសោះ។ លោក ពូទីន ក៏បានលើកឡើងផងដែរថា ការគំរាមគំហែងនៃការវាយប្រហាររបស់រុស្ស៊ី គឺត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយអឺរ៉ុប ដើម្បីបន្លាចពលរដ្ឋរបស់ពួកគេ ដើម្បីទាញយកធនធានបន្ថែមទៀតពីពួកគេ និងបង្ហាញអំពីភាពត្រឹមត្រូវនៃការចំណាយយោធាកើនឡើង រួមនិងការប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីរុស្ស៊ីក៏បានរិះគន់ការបង្កើនកម្លាំងយោធារបស់សហភាពអឺរ៉ុបថាជាការមិនប្រុងប្រយ័ត្ន និងការកើនឡើងនៃហានិភ័យ។ វិមានក្រឹមឡាំងនិយាយថា វោហាសាស្ត្រ និងផែនការប្រឈមមុខរបស់ប្លុកអាចរារាំងឱកាសនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន៕

ដោយ៖ ពេជ្រ