Trump បន្ថយជំនួយសកលជាងកន្លះពាន់លានដុល្លារ តែមិនប៉ះពាល់ជំនួយអ៊ុយក្រែនទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងកាត់បន្ថយការចំណាយថវិកាសង្គ្រោះបន្ទាន់ ក្នុងផ្នែកជំនួយបរទេសពីចំនួនជិត ៣ ពាន់លានដុល្លារ មកត្រឹម ២.៥ ពាន់លានដុល្លារ។

ប្រភពពីសារព័ត៌មាន Semafor បានឲ្យដឹងថា លោក Trump នឹងកាត់បន្ថយមូលនិធិដែលកំណត់ថាជាការចំណាយគ្រាអាសន្នក្រោមច្បាប់បំណុលឆ្នាំ ២០២៣ ដែលអនុម័តដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ។

យោងតាមប្រព័ន្ធវិបផតថលដែលតាមដានចំណាយចំណូលរដ្ឋាភិបាល បានបន្ថែមថា ប្រហែល ២.៥ ពាន់លានដុល្លារដែល Trump មានបំណងកាត់បន្ថយត្រូវបម្រុងទុកសម្រាប់ជំនួយបរទេស រួមទាំងការគាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាលដែលទាក់ទងនឹងការធ្វើចំណាកស្រុកនិងជនភៀសខ្លួនគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ Moldova និង Georgia ក៏ដូចជាគម្រោងដែលទាក់ទងនឹងការរួមបញ្ចូលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ វិធានការទាំងនេះ នឹងមិនប៉ះពាល់ដល់ជំនួយយោធាដល់សម្ព័ន្ធមិត្ត រួមទាំងអ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការចូលកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី ២០ ខែមករា អាជ្ញាធររបស់ប្រទេសនេះ ចាប់ផ្តើមការត្រួតពិនិត្យទ្រង់ទ្រាយធំនៃការចំណាយថវិកាសហព័ន្ធ។ យោងតាមសេចក្តីថ្លែងការណ៍របស់សហគ្រិន លោក Elon Musk ដែលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក លោក មានបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំនួន ២ ពាន់ពាន់លានដុល្លារ។  បំណុលជាតិរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នលើសពី ៣៦.៥ ពាន់ពាន់លានដុល្លារ។ យោងតាមការប៉ាន់ប្រមាណដោយការិយាល័យថវិកាសភា បំណុលជាតិអាចលើសពី ៥០ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣៤ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment