​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើបទអន្តរាគមន៍, អានរបាយការស្តីពីលទ្ធផលកិច្ចប្រតិបត្តិការ និង ការអភិវឌ្ឍនៅក្នុងអង្គភាពដែលសម្រេចបានកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។

ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង ក៏ដូចជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕

Written by 

Related posts

Leave a Comment