ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ខណ:រថយន្តធុនធំបុកចំពីមុខយ៉ាងពេញទំហឹង ដេកដួលនៅលើកណ្តាលផ្លូវ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរសណ្ឋាគារ អ៊ាង មុន្នីរតន: ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោក ម៉ា សំអាត នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថារថយន្ដ១គ្រឿងម៉ាក CHENG LONG ផលិតឆ្នាំ២០១៧ ពណ៌ស ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-4146
និងកន្ទុយសណ្តោងរុឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-5228 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ អុឹម សីហា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត។

លោកម៉ា សំអាត នាយការិយាល័យ បានបញ្ជាក់ថា ម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម C125 ស៊េរីឆ្នាំ2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P-4518 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ផ្លូវត្រង់) បើកបរដោយឈ្មោះ ភិន សារឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី (ស្លាប់នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដរតនគិរី )។ហើយអ្នកបើកបររថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្ត។
ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តបើកបរបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជាមុន ខណៈដែលអ្នកបើកបរម៉ូតូនោះប្រើប្រាស់ល្បឿនលឿនដែរ ក៏បានជ្រុលទៅបុកនិងរថយន្ដតែម្ដងទៅ។
សមត្ថកិច្ចជំនាញកំពុងធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ចំណែកមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕

