ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបានប្រកាសនៅថ្ងៃមុនដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីជួបពិភាក្សាគ្នាតាមទូរស័ព្ទ។

លោក Zelensky បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថា “យើងតែងតែរក្សាជំហរមិនវាយប្រហារវិស័យថាមពលដោយប្រើអាវុធណាមួយនោះឡើយ”។ ទន្ទឹមនោះលោកក៏បានបញ្ជាក់ពីការដោះដូរអ្នកទោសសង្រ្គាមមួយផ្សេងទៀត ជាមួយនឹងទាហានចំនួន ១៧៥ នាក់ដែលត្រូវផ្លាស់ប្តូរពីភាគីនីមួយៗ ដោយនិយាយថាគាត់ត្រូវបានផ្តល់ព័ត៌មានសង្ខេបអំពីបញ្ហានេះដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។
អំពីស្ថានភាពនៅក្នុងតំបន់ Kursk របស់រុស្ស៊ី លោក Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនបន្តប្រយុទ្ធនៅទីនោះ ហើយគាត់នឹងមិនផ្តល់បញ្ជាឱ្យដកថយទេ។ លោកបន្ថែមថា សម្រាប់ពេលនេះ យើងត្រូវការប្រតិបត្តិការនេះ ដើម្បីពង្រឹងការចរចា ។
លោកបន្ថែមថា លោកមិនទាន់មានទំនាក់ទំនងណាមួយជាមួយលោក Trump ទេបន្ទាប់ពីការសន្ទនារបស់លោក Trump ជាមួយពូទីន។ ប៉ុន្តែលោកបានសម្តែងនូវក្តីសង្ឃឹមថាមេដឹកនាំអាមេរិកនឹងទូរស័ព្ទទៅលោកដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សានោះ។
លោកក៏បានអះអាងដែរថា លោកពូទីនប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងចល័ត កងទ័ពដែលអាចកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់ទូទៅ ដោយសារតែលោក ពូ ទីនចង់កាត់បន្ថយចំនួនទាហានអ៊ុយក្រែន។ ប៉ុន្តែលោកអះអាងថា នៅប៉ុន្មានខែខាងមុខ យើងរំពឹងថា ទីក្រុងម៉ូស្គូនឹងចាប់ផ្តើម ការវាយលុកទ្រង់ទ្រាយធំជាអតិបរមាលើអ៊ុយក្រែន។
លោក Zelensky ក៏បាននិយាយផងដែរថា លោកមិនដឹងថា តើលោកពូទីន និងលោក Trump បានពិភាក្សាអំពីស្ថានភាពជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែនដែរឬទេ។
គួរំលឹកថា លោក ពូទីន និងលោក Trump បានពិភាក្សាគ្នាអំពីការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា ទស្សនវិស័យសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន និងស្ថានការណ៍នៅមជ្ឈិមបូព៌ាក្នុងការហៅទូរស័ព្ទរយៈពេលពីរម៉ោងកន្លះកាលពីម្សិលមិញ៕

ដោយ៖ ពេជ្រ