Putin ​ឲ្យអ៊ុយក្រែនឈប់ចល័ត​ទ័ព បើចង់បានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការគាំទ្រចំពោះបទឈប់បាញ់ដែលមានសក្តានុពលរយៈពេល ៣០ ថ្ងៃនៅក្នុងជម្លោះអ៊ុយក្រែន។ ប៉ុន្តែបានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងរបៀបដែលបទឈប់បាញ់នេះត្រូវបានអនុវត្ត។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានព្រមានអំពីចន្លោះប្រហោងដែលអាចកើតមាន និងគុណវិបត្តិជាយុទ្ធសាស្ត្រ។ លោកពូទីនបាននិយាយបែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយសមភាគីបេឡារុស្សលោក Alexander Lukashenko នៅទីក្រុងមូស្គូ។

លោកបានលើកទ្បើងថា យើងក៏ចង់បានការធានាថាក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនោះ អ៊ុយក្រែននឹងមិនធ្វើចលនាកងទ័ព នឹងមិនបណ្តុះបណ្តាលទាហាន ហើយនឹងមិនទទួលបានអាវុធពីខាងក្រៅនោះទេ។

លោកប្រធានាធិបតីបានចង្អុលបង្ហាញថា ទាហានរុស្ស៊ីកំពុងបន្តទៅមុខតាមជួរមុខជិត ២០០០ គីឡូម៉ែត្រ ហើយការបញ្ឈប់សកម្មភាពយោធាអាចរំខានដល់ប្រតិបត្តិការដែលកំពុងបន្ត។ លោកបានព្រមានថា កងកម្លាំងអ៊ុយក្រែនអាចប្រើរយៈពេលឈប់បាញ់មួយ ដើម្បីប្រមូលផ្តុំឡើងវិញ ទទួលអាវុធបន្ថែម និងបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មីៗ។

លោកបានលើកជាសំណួរថា តើ៣០ ថ្ងៃ​នេះ គេ​នឹង​ត្រូវ​ប្រើ​យ៉ាង​ណា?  ដើម្បីបន្តការចល័តដោយបង្ខំនៅអ៊ុយក្រែន?  ដើម្បីទទួលបានគ្រឿងសព្វាវុធបន្ថែម?  ដើម្បីបណ្តុះបណ្តាលអង្គភាពចល័តថ្មី?  ឬរឿងនេះនឹងមិនកើតឡើងទេ?។ លោកបន្ថែមថា ការពង្រឹងបទឈប់បាញ់លើសមរភូមិដ៏ធំបែបនេះនឹងពិបាកណាស់។ លោកថា ការបំពានបទឈប់បាញ់អាចងាយនឹងវិវាទ ដែលនាំទៅដល់ការស្តីបន្ទោសរវាងភាគីទាំងពីរ។ ប្រព័ន្ធនៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីតាមដានបទឈប់បាញ់មិនមាននៅនឹងកន្លែងទេ ប៉ុន្តែគួរតែត្រូវបានយល់ព្រម។

 លោក ពូទីន ក៏បានលើកឡើងផងដែរថា ទាហានអ៊ុយក្រែនដែលបានឈ្លានពានតំបន់ Kursk របស់រុស្ស៊ីក្នុងខែសីហា ឆ្នាំ ២០២៤ឥឡូវនេះត្រូវបានកាត់ផ្តាច់អស់ហើយ។ លោកក៏​បាន​កត់​សម្គាល់​ថា អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​ពួកគេ​ក្នុង​ករណី​មាន​បទ​ឈប់​បាញ់​គឺ​មិន​ច្បាស់​លាស់នោះទ្បើយ។ លោកថា តើ​យើង​គួរ​តែ​អនុញ្ញាត​ឱ្យ​ពួក​គេ​ចេញ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជន​ស៊ីវិល​ឬ? តើ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​នឹង​ប្រាប់​ពួកគេ​ឲ្យ​ដាក់​អាវុធ​ចុះ​ចាញ់​ឬ?។

គិតត្រឹមល្ងាចថ្ងៃពុធ កងកម្លាំងរបស់ទីក្រុងមូស្គូបានគ្រប់គ្រងមកវិញនូវ ៨៦% នៃទឹកដីដែលត្រូវបានកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែនក្នុងខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមប្រធានអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov ។  លោក​បាន​អះអាង​ថា អង្គភាព​ដែល​នៅ​សេសសល់​របស់​ក្រុង​គៀវ​នៅ​ក្នុង​តំបន់​នេះ​ភាគច្រើន​ត្រូវ​បាន​ “ឡោមព័ទ្ធ” និង “ឯកោ”។

លោក ពូទីន បានស្នើថា ការពិភាក្សាជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាំបាច់ដើម្បីស្វែងរកដំណោះស្រាយដែលអាចសម្រេចបាន។ លោក​បាន​សង្កត់​ធ្ងន់​ថា គំនិត​នៃ​ការ​បញ្ចប់​ជម្លោះ​តាម​មធ្យោបាយ​សន្តិវិធី​គឺ​ជា​អ្វី​ដែល​យើង​គាំទ្រ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment