បន្ទាយមានជ័យ៖មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”។

លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឲ្យដឹងថា ការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលក្រសួងកិច្ចការនារី និងគណៈកម្មការរៀបចំបានជ្រើសរើសយកប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅធ្វើឲ្យសង្គម ដែលមានបរិយាបន្ននិងសមភាពសម្រាប់ទាំងអស់គ្នា។

លោក អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹង ភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”។ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេង ស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្កលក្ខណៈ អំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយ រងគ្រោះដោយ អំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ចុងក្រោយគណៈអធិបតី អស់លោក លោកស្រី បានចូលរួមទទួលបាច់ផ្កានិងកន្ត្រកផ្លែឈើ ដែលជាវត្ថុអនុស្សាវរីយ៍ ដើម្បីបានយល់ច្បាស់ថា “ស្ត្រីគឺជាស្នូល” បញ្ចប់នៃកម្មវិធី លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត រួមដំណើរដោយអស់លោក លោកស្រី បានអញ្ជើញចុះសាកសួរសុខទុក្ខ ជនរងគ្រោះគ្រឿងញៀនជាស្ត្រី ក្នុងទិវាសិទ្ធនារី ៨ មីនា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងក្រុងសេរីសោភ័ណ និងបាននាំយកនូវអំណោយជាថវិកាមួយចំនួន ផ្ដល់ជូនប្អូនៗជាស្ត្រី កំពុងបន្សាបគ្រឿងញៀន ក្នុងនោះលោកស្រី រស់ សុផានី សង្ឃឹមជឿជាក់ថា ពេលប្អូនៗត្រឡប់ទៅផ្ទះវិញនិងកែខ្លួន ព្រោះថាគ្រឿងញៀនបំផ្លាញយើង គ្រួសារ និងសង្គមជាតិទាំងមូល៕





