មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់បានរំលឹកឡើងវិញនូវការប្រឆាំងរបស់លោក ចំពោះការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយបង្ហាញសញ្ញាថា លោក បដិសេធចំពោះការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់កិច្ចព្រមព្រៀងមួយពាក់ព័ន្ធនុយក្លេអ៊ែរនេះ។

នៅក្នុងសុន្ទរកថា កាលពីថ្ងៃសៅរ៍ លោក Ayatollah Ali Khamenei បានបង្ហាញការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក Trump ដែលឱ្យមានការចរចាលើបញ្ហាកម្មវិធីនុយក្លេអែរ។ ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញពាណិជ្ជកម្ម Fox ថាគាត់បានផ្ញើលិខិតមួយទៅកាន់ប្រទេសអ៊ីរ៉ង់ដែលអំពាវនាវឱ្យមានកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Trump បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុង Tehran ហើយបាននិយាយកាលពីថ្ងៃសុក្រថា អ្វីមួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមថាយើងអាចមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់បានតបថា ខ្លួនមិនបានទទួលលិខិតរបស់លោក Trump នោះទេ។
លោក Khamenei បាននិយាយថា ការចរចាគ្រាន់តែជាមធ្យបាយមួយដើម្បីជំរុញការទាមទារសម្រាប់រដ្ឋាភិបាលបរទេសមួយចំនួនលើបញ្ហាកម្មវិធីនុយក្លែអែរអ៊ីរ៉ង់ប៉ុណ្ណោះ ហើយថាពួកគេនឹងបន្តបង្កើនការរំពឹងទុកថ្មីលើសពីកម្មវិធីនុយក្លេអ៊ែរទៅទៀត។ ការកត់សម្គាល់បែបនេះត្រូវបានយល់ថា ជាការប្រុងប្រយ័ត្នអំពីការប៉ុនប៉ងរបស់រដ្ឋបាល Trump ក្នុងការទប់ស្កាត់សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ និងការគាំទ្រក្រុមប្រដាប់អាវុធមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ។
បន្ទាប់ពីសុន្ទរកថា បដិសេធរបស់លោក Khamenei អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា ប្រធានាធិបតី Trump បាននិយាយច្បាស់ណាស់ថា មានវិធីពីរយ៉ាងដែលអ៊ីរ៉ង់អាចត្រូវបានដោះស្រាយគឺ មួយតាមរយៈយោធាឬពីរ ដោយការធ្វើកិច្ចព្រមព្រៀង។ យើងសង្ឃឹមថារបបអ៊ីរ៉ង់នឹងដាក់ផលប្រយោជន៍ប្រជាជន និងផលប្រយោជន៍ប្រទេសនៅចំពោះការប្រឈមមុខនឹងភេរវកម្ម។
ទីក្រុងតេអេរ៉ង់បានបង្ហាញការរក្សាជំហររឹងមាំប្រឆាំងនឹងសម្ពាធរបស់រដ្ឋបាល Trump សម្រាប់ការចរចា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការចរចាមិនអាចត្រូវបានគេរំពឹងទុកនោះទេ ប៉ុន្តែអាចមានកន្លែងសម្រាប់ទំនាក់ទំនងផ្សេងទៀតរវាងប្រទេសទាំងពីរដែលកាន់តែយ៉ាប់យ៉ឺនថែមទៀត៕

ដោយ៖ ពេជ្រ