ផ្សែងខ្មៅយ៉ាងក្រាស់ ត្រូវបានគេប្រទះឃើញហុយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Maanshan នៅតំបន់ Hengchun ស្រុក Pingtung កោះតៃវ៉ាន់ ដែលភ្លាមៗមានការឆ្លើយតបពីសេវាសង្គ្រោះបន្ទាន់ ផងដែរ។

នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ បានបញ្ជូនបុគ្គលិកជាច្រើនទៅកាន់កន្លែងកើតហេតុ ខណមូលហេតុនៃការហុយផ្សែងនៅតែមិនទាន់ដឹងនៅឡើយ ។
សាក្សីនៅតំបន់ក្បែរនោះ បានរាយការណ៍ថា មានផ្សែងយ៉ាងច្រើនសន្ធឹកសន្ធាប់ហុយឡើងពីក្នុងរោងចក្រ ដែលធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង។
ទន្ទឹមនោះ អ្នកសង្កេតការណ៍ម្នាក់នៅទីតាំង ក៏បានពណ៌នាថា ផ្សែងពិតជាហុយចេញពីរោងចក្រពិតប្រាកដមែន។
ទោះជាយ៉ាងណា ក្រុមហ៊ុន Taiwan Power Company ដែលជាម្ចាស់ដំណើរការរោងចក្រនេះ មិនទាន់ផ្តល់សេចក្តីថ្លែងការណ៍ជាផ្លូវការអំពីហេតុការណ៍នេះ នៅឡើយទេ។
បច្ចុប្បន្ន អាជ្ញាធរកំពុង វាយតម្លៃថា តើឧបទ្ទវហេតុនេះបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរឬយ៉ាងណា។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Maanshan ដែលជារោងចក្រនុយក្លេអ៊ែរទី ៣ និងចុងក្រោយរបស់តៃវ៉ាន់ បានចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ ១៩៨៤ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតថាមពលរបស់ប្រទេស។ រោងចក្រនេះមានម៉ាស៊ីនរ៉េអាក់ទ័រទឹកសម្ពាធពីរ ដែលនីមួយៗអាចបង្កើតថាមពលអគ្គិសនីបានប្រមាណ ១៥ តេរ៉ាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ វាត្រូវបានរចនាឡើងជាមួយនឹងអាយុកាលប្រតិបត្តិការដែលបានព្យាករណ៍ ៦០ ឆ្នាំ។
នេះមិនមែនជាឧបទ្ទវហេតុដំបូងឡើយនៅរោងចក្រ Maanshan នេះ ដោយនៅឆ្នាំ ១៩៨៥ ក៏ធ្លាប់មានភ្លើងឆាបឆេះក្នុងរោងចក្រនេះដែរ៕

ដោយ៖ ពេជ្រ