ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានរៀបចំសិក្ខាសាលាស្ដីពី បទប្បញ្ញត្តិកីឡាបាល់ទាត់ កាលពីថ្ងៃទី0៣ ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារហ្វ៊ែរហ្វៀល, រាជធានីភ្នំពេញ ។ សិក្ខាសាលានេះមានវត្តមានលោក KOO JA HYEON នាយកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៤នាក់ និង សមាជិក២១នាក់ផ្សេងទៀតដែលមកពី ១១ក្លិប នៃលីគកំពូលកម្ពុជា ។

លោក KOO JA HYEON បាននិយាយថា ៖« តាមរយៈសិក្ខាសាលានេះ ខ្ញុំសង្ឃឹមថាអ្នកចូលរួមទាំងអស់បានរៀនសូត្រនិងយកចំណេះដឹងដែលទទួលបាន ទៅអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត»។
សិក្ខាសាលាស្ដីពីបទបញ្បត្តិកីឡាបាល់ទាត់នេះ មានលោក James Kitching ទីប្រឹក្សាបទប្បញ្ញត្តិកីឡាបាល់ទាត់ ជាអ្នកធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចជា ការគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ, ប្រព័ន្ធនៃការផ្ទេរកីឡាករ, កិច្ចសន្យាក្នុងការផ្ទេរកីឡាករ និងគ្រូបង្គោល ។
លោក លោក ហ៊ឹម ខេមរា អគ្គលេខាធិការរងនៃក្លិបបាល់ទាត់គិរីវង្សសុខសែនជ័យ និងជាសិក្ខាកាមម្នាក់ក្នុងចំណោមអ្នកចូលរួមផ្សេងទៀត ។ លោក ខេមរា ចាប់អារម្មណ៍លើប្រធានបទកិច្ចសន្យាក្នុងកីឡាបាល់ទាត់ជាងគេ ក្នុងចំណោមប្រធានបទទាំងអស់ ។ ព្រោះលោក ខេមរា យល់ឃើញថា កំឡុងពេលធ្វើការកន្លងមក លោក ខេមរា តែងតែជួបបញ្ហាទៅលើកុងត្រាឬកិច្ចសន្យា ប៉ុន្តែបន្ទាប់ពីលោកបានចូលរួមសិក្ខាសាលានេះរួចហើយ លោកបានស្វែងយល់ច្រើន ហើយលោក ខេមរា ក៏សង្ឃឹមថានៅថ្ងៃខាងមុខបញ្ហាពាក់ព័ន្ធ និងកុងត្រាកីឡាករឬក៏គ្រូបង្គោលត្រូវបានកាត់បន្ថយ ។

ដោយឡែក លោក James Kitching បានយល់ឃើញថាវិស័យកីឡាបាល់ទាត់របស់កម្ពុជាស្ថិត នៅកម្រិតមួយឈានទៅរកការអភិវឌ្ឍ ។ លោក James បានបន្តទៀតថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏ជាចំណែកមួយ ជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យមានកម្រិតស្ដង់ដា និងផ្ដល់ឱកាសឱ្យវិស័យកីឡាបាល់ទាត់របស់កម្ពុជា អាចប្រកួតប្រជែងជាមួយក្លិបនិងលីគក្នុងតំបន់បានផងដែរ ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានរៀបចំសិក្ខាសាលា ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ វិស័យបាល់ទាត់នៅកម្ពុជា ។ ពោលគឺកាល ពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ សមាជិករបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងថ្នាក់ដឹកនាំរបស់ក្លឹបទាំង ១១ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបពិភាក្សាការងារជាមួយអ្នកគ្រប់គ្រងក្លិប BG Pathum United ។ និងបានចុះពិនិត្យការគ្រប់គ្រងកីឡដ្ឋាន BG Stadium និង BGPU Training Center ។ ដើម្បីបំផុស និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ក្លិបបាល់ទាត់អាជីពរវាងក្លិបបាល់ទាត់ BG Pathum United របស់សមាគមបាល់ទាត់នៃប្រទេសថៃ និង ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ របស់ប្រទេសកម្ពុជា៕(ដកស្រង់ពី៖ CPL-Cambodia.Com)

