មន្ត្រីយោធាកំពូលម្នាក់របស់អង្គការណាតូបានចេញមកអំពាវនាវដល់គ្រប់ឧស្សហកម្មយោធាឲ្យរួសរាន់ រៀបចំសម្រាប់សេណារីយ៉ូក្នុងសម័យសង្រ្គាម ដោយនាំយកខ្សែសង្វាក់ផលិតកម្មរបស់ពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ជំនួសឱ្យការពឹងផ្អែកលើប្រទេសចិន និងរុស្ស៊ី ដែលអាចនឹងបិទការនាំចូលអាវុធសម្រាប់ការប្រើប្រាស់នៅពេលចាប់ផ្តើមសង្រ្គាម។
ឧត្តមនាវីឯកលោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ បានប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលោកបញ្ជាក់ថា ការត្រៀមក៏មិនសម្រាប់តែឧស្សាហកម្មយោធានោះទេ តែសម្រាប់អាជីវកម្មចាំបាច់ទាំងអស់ក៏ត្រូវតែរៀបចំសម្រាប់សេណារីយ៉ូក្នុងសម័យសង្រ្គាម ហើយកែសម្រួលខ្សែសង្វាក់ផលិតកម្ម និងការចែកចាយផលិតផលរបស់ពួកគេឱ្យស្របតាមតម្រូវការ។ សេចក្តីថ្លែងការណ៍នោះ គឹត្រូវបានលោកថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុបក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
លោកសង្កត់ធ្ងន់ថា ការរារាំងមិនមែនត្រឹមតែសមត្ថភាពយោធាឬអាវុធប៉ុណ្ណោះទេ ប៉ុន្តែឧបករណ៍ដែលមានទាំងអស់ដែលអាចប្រើប្រាស់ជាអាវុធបានក៏វាត្រូវបានរារាំងផងដែរ។ ដូច្នេះហើយបានជាយើងកំពុងមើលឃើញអំពីសកម្មភាពនៃការបំផ្លិចបំផ្លាញដែលកំពុងមានការកើនទ្បើងជាលំដាប់ សំខាន់នៅអឺរ៉ុបយើងក៏បានឃើញថា ការរារាំងជាមួយនឹងការផ្គត់ផ្គង់ថាមពលដែលត្រូវគិតគូនិងត្រៀម។
លោកបានលើកទ្បើងថា “យើងគិតថាយើងមានកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ប៉ុន្តែយើងពិតជាមានកិច្ចព្រមព្រៀងជាមួយលោក Putin ដូចគ្នា។ ទន្ទឹមនោះវាក៏ដូចគ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងទំនិញដែលគ្រប់គ្រងដោយចិនហើយយើងកំពុងប្រើប្រាស់”។ ដូច្នេះយើងពិតជាមានកិច្ចព្រមព្រៀងជាមួយ ប្រធានាធិបតីចិនលោក Xi Jinping ផងដែរ។ ដូច្នេះបើសង្រ្គាមកើតទ្បើងវានឹងមានអ្វីកើតទ្បើង។
លោក Bauer ក៏បានព្រមានផងដែរថា អាជីវកម្មនៅអឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវតែដឹងថាការសម្រេចចិត្តពាណិជ្ជកម្មរបស់ពួកគេមានផលវិបាកជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខនៃប្រទេសរបស់ពួកគេរៀងៗខ្លួន៕
ដោយ៖ ពេជ្រ