អាមេរិក​ បដិសេធ​ភាពស្មើគ្នា​រវាង​ដីកា​ចាប់​ខ្លួន​របស់ ICC រវាងមន្ត្រី​រុស្ស៊ី និងមន្ត្រីអ៊ីស្រាអែល

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានចេញមុខការពារជំហរផ្សេងគ្នារបស់ខ្លួនលើដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់មន្ត្រីរុស្ស៊ី និងមន្ត្រីអ៊ីស្រាអែល ដោយអះអាងថា ករណីទាំងពីរនេះគឺខុសគ្នាស្រទ្បះ។

 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីភាពខុសគ្នានៃវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកចំពោះ ICC ដោយលោកលើកទ្បើងថា “ខ្ញុំមិនគិតថា វាមានភាពស្មើគ្នាណាមួយរវាងករណីដែល ICC បាននាំយកដីកាប្រឆាំងនឹងប្រទេសរុស្ស៊ី  ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav  ថាជាភាពអស្ចារ្យរបស់ ICC នោះទេ។

ប៉ុន្តែលោកបានគូសបញ្ជាក់ពីភាពខុសគ្នាសំខាន់ៗរវាងប្រទេសទាំងពីរ ដោយលោកបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនមែនជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ ហើយក៏មិនមែនមានប្រព័ន្ធច្បាប់ឯករាជ្យ និងគ្មានការស៊ើបអង្កេតលើការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិនោះដែរ។ ដោយទ្បែកអ៊ីស្រាអែល គឺជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ប្រព័ន្ធតុលាការ​ឯករាជ្យ​។ អញ្ចឹងហើយទើបប្រទេសអ៊ីស្រាអែល​មាន​សំណុំរឿងបើក​ចំហ​រាប់​រយ​ក្នុង​ការ​ចោទប្រកាន់​លើ​ទាហាន​របស់​ខ្លួន វា​ជា​រឿង​សំខាន់​ដែល​ដំណើរការ​ទាំងនេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរដោយរលូនតាមច្បាប់។

លោកបញ្ជាក់ថា អាជ្ញាធរអ៊ីស្រាអែលបាន និងកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលបានរាយការណ៍ជាច្រើនដែលកើតចេញពីការវាយលុកដ៏សាហាវរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំមុន ប៉ុន្តែលទ្ធផលជាក់ស្តែងនៅមានតិចតួចណាស់ដើម្បីធ្វើជាភស្តុតាងចោទប្រកាន់។

លោកបន្ថែមថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ីស្រាអែលបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើការសម្លាប់សកម្មជនជនជាតិទួរគី-អាមេរិក Aysenur Ezgi Eygi អំឡុងពេលការតវ៉ាដោយសន្តិវិធីនៅ West Bank ដែលជាការស៊ើបអង្កេតដែលបានបន្តអស់រយៈពេលជាងពីរខែដោយគ្មានការទទួលខុសត្រូវ។ លើសពីនេះទៀត ក៏មានការស៊ើបអង្កេតលើការសម្លាប់ក្មេងស្រីជនជាតិប៉ាឡេស្ទីនអាយុប្រាំមួយឆ្នាំ Hind Rajab នៅហ្គាហ្សា ដែលវាមិនបានធ្វើដោយការទទួលខុសត្រូវទេ បន្ទាប់ពីស៊ើបអង្កេតជិត ១០ ខែ។

គួររំលឹកថា កាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសម្តែងការគាំទ្រចំពោះដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹងលោកពូទីន ដោយជំរុញឱ្យរដ្ឋជាសមាជិកគោរពតាមកាតព្វកិច្ចរបស់ពួកគេនៅក្រោមតុលាការ ICC។  ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនប្រឆាំងទៅនឹងដីការបស់ ICC ដែលផ្តោតលើមេដឹកនាំអ៊ីស្រាអែល ដោយនិយាយថា តុលាការមិនមានយុត្តាធិការលើបញ្ហានេះទេ ដោយសារតែអ៊ីស្រាអែលមិនមែនជាសមាជិករបស់តុលាការICC។

នៅពេលសង្កត់លើការពិតដែលថាទាំងរុស្ស៊ី និងអ៊ីស្រាអែលមិនមែនជាសមាជិកនៃ ICC​ លោក​ Miller បានចង្អុលបង្ហាញពីភាពខុសគ្នានៃយុត្តាធិការ។ លោកបាននិយាយថា អ៊ុយក្រែនគឺជារដ្ឋអធិបតេយ្យមួយដែលបានផ្តល់យុត្តាធិការរបស់ខ្លួនដល់ប្រទេសមួយផ្សេងទៀតដើម្បីធ្វើអន្តរាគមន៍សម្រាប់ពួកគេនៅពេលមានការឈ្លានពាន ហើយដែលរដ្ឋអធិបតេយ្យភាពអាចធ្វើបាន។ ប៉ុន្តែប៉ាទ្បេស្ទីនមិនមែនជារដ្ឋអធិបតេយ្យទេ។ ទន្ទឹមនោះលោកក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះដំណោះស្រាយរដ្ឋពីរ ខណៈពេលដែលចោទ ICC លើកង្វះយុត្តាធិការចំពោះអ៊ីស្រាអែល។

ទោះជាយ៉ាងណាក៏ដោយ Miller មិនបានអំពាវនាវឱ្យប្រទេសនានាបដិសេធដីកាចាប់ខ្លួនរបស់ ICC សម្រាប់លោក Netanyahu និង Gallant នោះទេ ខណ លោកថា គ្រប់ប្រទេសទាំងអស់ត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង។

ចំណែកសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Lindsey Graham បានគំរាមដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេអនុវត្តដីកាចាប់ខ្លួន ICC លើមេដឹកនាំអ៊ីស្រាអែល។

នៅពេលអ្នកសារព័ត៌មានសួរអំពីជំហានដែលអាចកើតមាននោះលោក Miller បាននិយាយថា សហរដ្ឋអាមេរិកនឹងពិគ្រោះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីសម្រេចចិត្តអំពីរបៀបឆ្ពោះទៅមុខប្រសិនបើដី ICC ត្រូវបានអនុវត្តន៍ដោយប្រទេសណាមួយលើអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment