អាជ្ញាធរចិន នៅថ្ងៃសុក្រ បានប្រកាសថា ខ្លួនប្រឆាំងនឹងការគំរាមកំហែងចុងក្រោយរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដំឡើងពន្ធបន្ថែម ១០ ភាគរយលើមុខទំនិញខ្លួន ដោយចោទប្រកាន់សេតវិមានពីការចាត់វិធានការធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានអស្ថិរភាព។

លោក Trump កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ពន្ធ ២៥ ភាគរយដែលលោក ស្នើឡើងលើទំនិញម៉ិកស៊ិក និងកាណាដានឹងចូលជាធរមាននៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ រួមជាមួយនឹងពន្ធបន្ថែម ១០ ភាគរយលើការនាំចូលពីចិន។
អាមេរិក បន្ថែមពន្ធថ្មីលើចិន ១០ ភាគរយ ស្របពេលជាមួយនឹងការចាប់ផ្តើមនៃកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិន កាលពីថ្ងៃពុធ ជាព្រឹត្តិការណ៍នយោបាយដែលគេរំពឹងថាក្រុងប៉េកាំង នឹងបង្ហាញពីអាទិភាពសេដ្ឋកិច្ចចម្បងរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនិយាយម្តងហើយម្តងទៀតថា ពន្ធឯកតោភាគីរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យខូចដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។
លោក បានបន្ថែមថា ចិន មានគោលនយោបាយប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងអនុវត្តយ៉ាងហ្មត់ចត់បំផុតមួយក្នុងពិភពលោក។ ឥឡូវនេះ សហរដ្ឋអាមេរិក ជាថ្មីម្តងទៀតកំពុងគំរាមកំហែងពន្ធបន្ថែម។ ឥរិយាបថនេះគឺគ្មានអ្វីក្រៅពីការបង្វែរការស្តីបន្ទោស និងបង្វែរការទទួលខុសត្រូវនោះទេ។
គួរបញ្ជាក់ថា លោក Trump បានប្រកាសនាពេលថ្មីៗនេះ ពីការបន្ថែមពន្ធ ១០ ភាគរយទៀតទៅលើប្រទេសចិន ដែលជាគូរប្រជែងសេដ្ឋកិច្ច៕

ដោយ៖ ពេជ្រ