កូរ៉េ​ខាង​ជើង​ ធ្វើសមយុទ្ធបាញ់​​មីស៊ីល​យុទ្ធសាស្ត្រកម្លាចសត្រូវដែលចង់បៀតបៀន

ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបជាយុទ្ធសាស្ត្រនៅសមុទ្រលឿង ដើម្បីបង្ហាញពីសក្តានុពលនៃការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃទី ២៦ ខែកុម្ភៈ ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា គោលដៅនៃសមយុទ្ធនេះគឺដើម្បីបង្ហាញឱ្យឃើញនូវសមត្ថភាពវាយប្រហារតបតនៅគ្រប់លំហរបស់កងទ័ពកូរ៉េ និងការត្រៀមខ្លួននៃប្រតិបត្តិការនុយក្លេអ៊ែរ មធ្យោបាយផ្សេងៗដល់ខ្មាំងសត្រូវ ដែលកំពុងបំពានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសន្តិសុខនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងការជំរុញ រួមទាំងការបង្កើនបរិយាកាសប្រឈមមុខដាក់គ្នា ។

ជាមួយនឹងការបាញ់បង្ហោះនេះ ទីក្រុងព្យុងយ៉ាង បានបង្ហាញពីភាពជឿជាក់នៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ និងបង្ហាញថាអង្គភាពរងនៃមីស៊ីលនាវាយុទ្ធសាស្ត្ររបស់ខ្លួនមានភាពប៉ិនប្រសប់ក្នុងការបំពេញបេសកកម្មបាញ់ឆ្លើយតបភ្លាមៗ ។

ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានត្រួតពិនិត្យសមយុទ្ធបាញ់គ្រាប់ពិត និងសម្តែងការពេញចិត្តចំពោះលទ្ធផលនេះ។

លោក បានសង្កត់ធ្ងន់ថា វាគឺជាបេសកកម្មប្រកបដោយការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីការពារអចិន្ត្រៃយ៍អធិបតេយ្យភាព និងសន្តិសុខជាតិជាមួយនឹងខែលនុយក្លេអ៊ែរដែលអាចទុកចិត្តបាន ដោយមានការត្រៀមខ្លួនប្រយុទ្ធហ្មត់ចត់បន្ថែមទៀតនៃកម្លាំងនុយក្លេអ៊ែរ និងការត្រៀមខ្លួនពេញលេញសម្រាប់ការប្រើប្រាស់ ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះ ធ្វើឡើងនៅសមុទ្រលឿង ដោយមីស៊ីល បានវាយប្រហារគោលដៅយ៉ាងជាក់លាក់ បន្ទាប់ពីហោះតាមបណ្តោយគន្លងរាងពងក្រពើប្រវែង ១,៥៨៧ គីឡូម៉ែត្រ ក្នុងរយៈពេល ៧,៩៦១-៧,៩៧៣ វិនាទី ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment