ខេត្តរតនគិរី÷ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍តាមសារតេឡេក្រាម ថា គ្រប់សាលារៀនទាំងអស់ សូមណែនាំដល់សិស្សដែលជាទំពាំងស្នងឬស្សី មិនបានពាក់មួកសុវត្ថិភាព ឲ្យលោកគ្រូ អ្នកគ្រូណែនាំដល់សិស្សទាំងអស់នោះ សួររកមួក តើអ្នកណាមានមួក ឬអត់មួក បន្ទាប់មកអាចទាក់ទងទៅគ្រួសារ ឬក៏ឪពុកម្តាយអាណាព្យាបាលសិស្ស។

មកដល់ម៉ោងនេះហើយ គាត់នៅតែមិនព្រមឲ្យមួកទៅកូនៗជាទីស្រលាញ់របស់គាត់ តើគាត់កំពុងតែគិតអ្វីមកដល់ម៉ោងនេះ ហើយច្បាប់ចរាចរណ៍យើងនិយាយគ្រប់ទីកន្លែងទាំងអស់ ប៉ូលិសក៏បានចូលរួមក្នុងការផ្សព្វផ្សាយតាមថ្នាក់ ឬក៏តាមសាលារៀនផងដែរ ជាកត្តាមួយឲ្យពួកគាត់យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។
លោកបានបញ្ជាក់ថា នៅម៉ោងនេះហើយ នៅតែមានបញ្ហាអញ្ចឹងកើតឡើងទៀត សូមលោកប្រធានមន្ទីរជួយពិនិត្យមើលទាំងអស់នេះផង ហើយសូមឲ្យអ្នកគ្រូឆែកសួរផង សួរទៅសិស្សណាដែលមិនមានមួកសុវត្ថិភាព បើមិនមានមួកសុវត្ថិភាពទេនោះ គឺមិនអនុញ្ញាតឲ្យគាត់កាន់ចង្កូតម៉ូតូមកសាលារៀនជាដាច់ខាត សូមដាក់វិធានការឲ្យបានតឹងរឹងបំផុតបញ្ហានេះ។
តែអនុញ្ញាតក្នុងរយៈពេលពីថ្ងៃ គឺចាប់ថ្ងៃទី០១មីនានេះទៅ គឺដាច់ខាតត្រូវតែមានមួកសុវត្ថិភាព សិស្សណាដែលមិនមានមួកសុវត្ថិភាព គឺសូមមិនឲ្យចូលទៅសាលារៀននោះទេ សូមផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ហើយប្រាប់ទៅដល់នាយកសាលា លោកគ្រូ អ្នកគ្រូ តើធ្វើមិនដឹងមិនឮ ឬក៏មន្ទីររបស់យើងធ្វើមិនដឹងដែរ? បើយើងនៅតែបណ្តែតបណ្ដោយដល់ណាទៀត។

លោកបានបញ្ជាក់ទៀតថា គ្រប់វេទិកាសាធារណៈនៅតាមដងផ្លូវទាំងអស់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានធ្វើយុទ្ធនាការសុវត្ថិភាពផ្លូវគោក ហើយសិស្សចេញពីសាលារៀន ប្រសេកប្រសាចពេញផ្លូវ មិនបានពាក់មួកសុវត្ថិភាពទេ ហើយបើឃើញប៉ូលិសចរាចរណ៍យាមនៅពីមុខនោះ បើកគេចបកក្រោយចេញមិនគិតពីគ្រោះថ្នាក់ដល់អាយុជីវិត ខ្លាចម៉ូតូបុកឬក៏ឡានកិន ដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ។
គេចដោយមិនគិតពីគ្រោះថ្នាក់ ចង់សួរឪពុកម្ដាយតើចង់ឲ្យកូនចៅរបស់គាត់ពិកា ឬរបួស បណ្តាលឲ្យស្លាប់ក៏មានដែរ បើឃើញប៉ូលិសភ័យគេច គឺមានហានិភ័យដល់ខ្លួនឯង សូមណែនាំភ្លាម ខ្ញុំទុកពេលមួយសប្តាហ៍ តើសាលាណាខ្លះ មិនអនុវត្តឲ្យកូនសិស្សនៅតែមិនទាន់ប្រើប្រាស់នូវមួកសុវត្ថិភាព ហើយលុបឈ្មោះចេញពីសាលារៀន បញ្ឈប់ឲ្យរៀនជាបន្ទាន់។
បើមិនគោរពវិន័យទៅហើយនោះ ឲ្យគាត់ទៅធ្វើស្រែចម្ការវិញទៅ មិនចង់ឃើញកូនសិស្សដេកស្លាប់នៅកណ្ដាលផ្លូវជាតិនោះទេ។

ដោយឡែកលោក ថោង តៃឈៀង នាយកសាលាអនុវិទ្យាល័យកាចាញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧កុម្ភ:នេះ ថា ក្រោយពេលលោកអភិបាលខេត្តបានដាក់បទបញ្ជាឲ្យសាលារៀននីមួយៗប្រជុំផ្សព្វផ្សាយតាមដងទង់ជាតិដោយមានការចូលរួមជាមួយកងកម្លាំងរដ្ឋបាលប៉ុស្តិ៍សង្កាត់កាចាញ អំពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះសិស្សណាដែលមិនគោរពច្បាប់ចរាចរណ៍ មិនអនុវត្តតាមបទបញ្ជាខាងលើនោះ សាលានិងចាត់វិធានការចំពោះសិស្សណាដែលមិនពាក់មួកសុវត្ថិភាព និងបើកបរម៉ូតូលឿនហើយថែមទាំងវ៉ាជែង ដែលខុសពីរច្បាប់ចរាចរណ៍។
លោក ថោង តៃឈៀង ១-ចំពោះសិស្សណាមិនពាក់មួកសុវត្ថិភាព សាលានិងប៉ុស្តិ៍ អញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សនោះ ធ្វើកិច្ចសន្យាជាលើកទីមួយ។
២-ក្នុងករណីខាងលើប្រសិនបើសិស្សនោះមិនអនុវត្តតាមសាលានិងរដ្ឋបាលប៉ុស្តិ៍ត្រូវដកហូតយកម៉ូតូរបស់ពួកគាត់ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល រហូតដល់ប្អូនៗមានមួកសុវត្ថិភាពត្រឹមត្រូវ ទើបមកទទួលយកម៉ូតូទៅផ្ទះវិញបាន។
៣-ចំណុចទាំងពីរខាងលើប្អូនៗនៅតែមិនអនុវត្តតាមសាលាមិនអនុញ្ញាតឲ្យប្អូនៗយកម៉ូតូមកសាលានោះឡើយ។
ជាចុងក្រោយគណៈគ្រប់គ្រងសាលាស្នើសុំដល់អាណាព្យាបាលសិស្សទាំងអស់ ត្រូវទិញមួកសុវត្ថិភាពឲ្យកូនឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការពារនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

