អាជ្ញាធរចុះពិនិត្យទីតាំង និងការដ្ឋានសំណង់ក្រុមហ៊ុនអចលនទ្រព្យក្រុងឆ្លាតវៃថ្មីនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនមន្ត្រីចម្រុះ១ក្រុមចុះពិនិត្យទីតាំងនិងការដ្ឋានសំណង់របស់ជនជាតិចិនដីគោក១កន្លែងមានឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯ ក (Smart New Town(Cambodia) Real Estates Development  Co.,Ltd ) មានទីតាំងនៅស្ថិតនៅផ្លូវខេត្តលេខ៥៨D ភូមិប្រាសាទឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

ក្រុមមន្ត្រីចម្រុះដឹកនាំដោយលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយអ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត ស្នងការរង មេបញ្ជាការរង មន្ត្រីទីចាត់ការអន្តរវិស័យ អភិបាលរងស្រុក អធិការ មេឃុំ មេភូមិនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ កងកម្លាំងពាក់ព័ន្ធ ។

នៅពេលដែលក្រុមមន្ត្រីទៅដល់ទីក្រុងឆ្លាតវៃនោះ ក៏ត្រូវបានមេការជនជាតិចិនដែលជំនួសមុខអោយលោកឆាយ មីងយួន (Mr Chai MingJun ) នៃក្រុមហ៊ុនបានទទួលស្វាគមន៍និងសហការជួបប្រជុំខ្លី ដើម្បីអោយអាចសម្រេចបានលទ្ធផលនៃបេសកកម្មនេះ។ ទន្ទឹមនោះមេកាចិនក៏បានបង្ហាញប្លង់ស្ថាបត្យកម្មនិងម៉ាកែតសំណង់រួមដែលក្រុមហ៊ុនបានតម្លើង ។
ក្រុមហ៊ុនអោយដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិនិងបានបំពេញបែបបទតាមបទដ្ឋានបច្ចេកទេសរួចហើយ គ្រាន់តែពេលនេះមិនទាន់អាចបង្ហាញលិខិតឬច្បាប់អនុញ្ញាតិ តែប៉ុណ្ណោះ។ អាចនិយាយថាច្បាប់អនុញ្ញាតិនិងបទដ្ឋានបច្ចេកទេសបានស្នើសុំនិងទទួលបានពីថ្នាក់លើរួចរាល់ហើយ នៅឡើយតែថ្នាក់ក្រោមឬថ្នាក់មូលដ្ឋានមិនទាន់ជ្រាប  ព្រោះថា ការវិនិយោគបែបនេះ  ក្រុមហ៊ុនអាចស្មើសុំច្បាប់អនុញ្ញាតិពីថ្នាក់លើតែម្តង មិនចាំបាច់រត់ការសុំតាមលំដាប់ពីថ្នាក់ក្រោមទៅក៏បានដែរ ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺអនុវត្តតាមស្មារតីនៃអង្គប្រជុំប្រចាំខែកុម្ភ:ឆ្នាំ២០២៥ កាលពីថ្មីៗនេះ របស់គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំកិច្ចប្រជុំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត។
គោលបំណងនៃការចុះពិនិត្យទីតាំងនិងការដ្ឋានអគារ ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីរបស់ក្រុមហ៊ុនគឺដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានច្បាប់អនុញ្ញាតិនិងបែបបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬក៏ក៏អត់ ? បើមិនមាន តើជំនាញនិងអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវចាត់វិធានដូចម្តេច?។ ម្យ៉ាងទៀតការចុះត្រួតពិនិត្យយ៉ាងដូច្នេះ គឺមកពីខេត្ត ស្រុកត្រូវបង្ការក្តីបារម្ភទុលជាមុនថា បើបទដ្ឋានបច្ចេកទេសមិនសមស្រប ឬមិនទាន់មានការអនុញ្ញាតិច្បាប់  ហើយមន្ត្រីជំនាញនិងអាជ្ញាធរ កងកម្លាំងពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមិនទាន់មានការត្រួតពិនិត្យផង ប៉ុន្តែក្រុមហ៊ុនចេះតែចាក់ដី ឈូសឆាយ សាងសង់សំណង់ ធ្វើអាជីវកម្មនិងអោយភ្ញៀវចូលស្នាក់នៅបណ្តើរៗទៅហើយនោះ  វាជាការបង្កហានីយភ័យជាយថាហេតុមួយ៕

Written by 

Related posts

Leave a Comment