សេចក្តីប្រកាសព័ត៌មាន – សម្រាប់ការចេញផ្សាយជាបន្ទាន់ គណៈប្រតិភូកម្ពុជា៖ ដំណើរទស្សនកិច្ចសិក្សានៅទីក្រុងសិនជិនប្រកបដោយជោគជ័យ

ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥៖ គណៈប្រតិភូកម្ពុជា រួមមានអភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រ ទាំងបួនរបស់កម្ពុជា ដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងកែប បានធ្វើទស្សនកិច្ចនៅទីក្រុងសិនជិនប្រទេសចិនប្រកបដោយភាពជោគជ័យ។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ស្វែងរកឱកាសវិនិយោគប្រកបដោយភាពច្នៃប្រឌិតមកកម្ពុជា។ គណៈប្រតិភូបានទៅទស្សនាស្ថាប័នឈានមុខរបស់ ប្រទេសចិន និងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅសិនជិន ដើម្បីទទួលបានការយល់ដឹងអំពីការអនុវត្តផ្ទាល់ដែលអាចផ្តល់ អត្ថប្រយោជន៍ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ ក្រុមការងារផែនការមេក៏បានរៀបចំកម្មវិធី ផ្សាភ្ជាប់ទំនាក់ទំនងរវាង   គណៈប្រតិភូកម្ពុជា និងវិនិយោគិន ដែលចូលរួមដោយនាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន ឈានមុខរបស់ប្រទេសចិន ចំនួន ៤៥នាក់ ដែលកំពុងស្វែងរកឱកាសពង្រីកការវិនិយោគមកកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានពិភាក្សាជាមួយរដ្ឋបាលតំបន់ពាណិជ្ជកម្មសេរី Qianhai ដោយផ្តោត លើការរៀបចំគោលនយោបាយជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស។ កិច្ចប្រជុំជាមួយ Qianhai Investment Holding បានផ្តល់ព័ត៌មានដ៏មានតម្លៃក្នុងគំរូវិនិយោគ និងហិរញ្ញប្បទាន ខណៈពេលដែលកិច្ចពិភាក្សា ជាមួយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលប្រជាជនសិនជិន បានផ្តល់ព័ត៌មានដ៏មានតម្លៃមួយទៀតចំពោះមុខងារគ្រប់គ្រង និងត្រួតពិនិត្យរបស់ពួកគេ។ លើសពីនេះ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិនជិនបានចែករំលែកជំនាញរៀបចំទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ  បានមានប្រសាសន៍ថា៖ “ដំណើរទស្សនកិច្ច សិក្សានេះទទួលបានភាពជោគជ័យល្អប្រសើរ! គណៈប្រតិភូរបស់យើងទទួលបានការយល់ដឹងបន្ថែមជាច្រើនអំពីបទពិសោធន៍ជាក់ស្តែងរបស់ទីក្រុងសិនជិនផ្នែករដ្ឋបាល និងសេដ្ឋកិច្ច និងរបៀបដែលទីក្រុងសិនជិន ក្នុងនាមជាអាជ្ញាធរ មូលដ្ឋាន បង្កើតនិងពង្រឹងវេទិកា និងស្ថាប័នដើម្បីទាក់ទាញសម្រួល ចាប់ផ្តើនិងប្រតិបត្តិការនៃ ការវិនិយោគនៅក្នុងទីក្រុងរបស់ខ្លួន”។

ឯកឧត្តម ជា កុកហុង មានប្រសាសន៍បន្ថែមថា៖ “អ្វីដែលគួរឱ្យរំភើបផងដែរនោះគឺភាពជោគជ័យនៃកម្មវិធីផ្សារភ្ជាប់ ទំនាក់ទំនងគណៈប្រតិភូកម្ពុជា  និងវិនិយោគិនចិន។ ជាមួយអ្នកចូលរួមប្រមាណ ៨០នាក់ រួមមាននាយកប្រតិបត្តិ និង ប្រធានក្រុមហ៊ុនឈានមុខជាច្រើនរបស់ប្រទេសចិន អភិបាលនៃគណៈអភិបាលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដូចជាខេត្ត ព្រះសីហនុ កោះកុង កំពត និងកែបគណៈប្រតិភូកម្ពុជានិងវិនិយោគិនចិន បានជួបពិភាក្សា និងប្តេជ្ញាចិត្តដ៏ពិតប្រាកដដើម្បីបង្កើនទំនុកចិត្ត សម្រួលអនុលោមភាព គាំទ្រឲ្យមានប្រព័ន្ធអេកូឡូស៊ីដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ ជួយឲ្យវិនិយោគិនចិនអាចមកបណ្តាក់ទុនវិនិយោគដោយជោគជ័យនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ សូមអរគុណវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញសិនជិន និងក្រុមការងារផែនការមេសម្រាប់ភាពជោគជ័យនេះ”។

“យើងនៅតែប្តេជ្ញាបង្កើនទំនុកចិត្តវិនិយោគិន និងធានាជួយឲ្យប្រតិបត្តិការអាជីវកម្មនៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ដំណើរការដោយរលូន” ឯកឧត្តម ជា កុក ហុង បញ្ជាក់បន្ថែម។

ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរនៃការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដោយសិក្សាពីគំរូអភិវឌ្ឍន៍ដ៏ ជោគជ័យរបស់ទីក្រុងសិនជិន។ គណៈប្រតិភូកម្ពុជាបានបង្ហាញទំនុកចិត្តថា ការយល់ដឹងថ្មីទាំងនេះនឹងគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេស ពង្រឹងអភិបាលកិច្ចល្អ និងជំរុញកំណើនសេដ្ឋកិច្ចនៃខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

សារៀម លក្ខិណា មន្ត្រីទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរ

ទូរស័ព្ទ៖ +855 95 506 691, Email: leakena.saream@mpsez.gov.kh

Written by 

Related posts

Leave a Comment