ស្វាយរៀង៖ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លេីការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួងសុខាភិបាល,ឯកឧត្តមអភិបាលរងខេត្ត,លោកនាយករដ្ឋបាលសាលាខេត្ត,លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សជិកានៃអង្គប្រជុំសរុបប្រមាណ២០០នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការងារផ្តល់សេវាសាធារណៈថ្នាក់ មូលដ្ឋានពិសេសថ្នាក់មណ្ឌលសុខភាព និងការងារការថែទាំសុខភាពបឋម (PHC-BIF) មានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលបានបញ្ចូលទៅក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ/សង្កាត់ ផ្អែកលើផែនការយុទ្ធសាស្ត្រ សុខាភិបាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ទន្ទឹមនេះការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាព ដែលសំដៅធានាធ្វើឱ្យប្រសើរឡើងនូ សុខភាព និងសុខុមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យ បានទាន់ពេល រួមទាំងការផ្តល់សេវាចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺរហូតដល់ការព្យាបាល និង ការស្តារនីតិសម្បទា។

ឯកឧត្តមបន្ថែមថា ការថែទាំសុខភាពបឋម គឺស្នូលនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៩៥ ហេីយប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិដែលរួមមាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ផ្តល់សេវាផ្អែកលើភូមិសាស្ត្រនិង ប្រជាសាស្ត្រជាមូលដ្ឋាន បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខភាពការផ្តល់សេវាគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពចំណាយមានសមធម៌ តាមដានសកម្មភាពសុខ ភាពដ៏ទូលំទូលាយ និងអាចឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងតម្រូវការប្រជាជន ឆ្ពោះទៅសម្រេចបានការ គ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕គឹមសេង






