ផ្លូវបេតុង៩ខ្សែប្រវែង៦៦គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ

ខេត្តរតនគិរី÷ ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង៩ខ្សែនេះត្រូវបានប្រារព្ធធ្វើឡើងនៅទល់មុខសាលាឃុំល្បាំង១ ក្នុងស្រុកលំផាត់ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង “អ៊ិនវេសម៉ិន ខូអិលធីឌី”។

លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង “អ៊ិនវេសម៉ិន ខូអិលធីឌី” បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលនិងភូមិសាស្ត្រ នៃស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី គឺជាតំបន់ទេសចរ និងជាប់ក្រុងបានលុងផងនោះ ដែលមានសភាព ក្រឡុក និងខូចខាតជាច្រើនមិនទាន់សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ទើបមានការ

ស្នើសុំពីអាជ្ញាធរ ស្រុក និងខេត្ត ដើម្បី សាងសង់ផ្លូវខាងលើនេះ កែប្រែ ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុងដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

ក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានឯកភាពតាមការស្នើសុំ ដោយប្រើថវិការរបស់ក្រុមហ៊ុនផ្ទាល់ ដែលបានកៀងគរមកពីក្រៅប្រទេស ដើម្បីសាងសង់ផ្លូវថ្នល់បេតុងចំនួន៩ខ្សែ មានប្រវែង៦៦គីឡូម៉ែត្រ

ទទឹង៦ម៉ែត្រ កម្រាស់០២តឹក ស្ថិតក្នុងឃុំល្បាំង១ ឃុំល្បាំង២ ឃុំជ័យឧត្តម ឃុំកាឡែង និងឃុំសេដា ស្រុកលំផាត់ និងឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលត្រូវបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្តរតនគិរី ក្នុងការចុះសិក្សាសាងសង់ និងអនុវត្តគម្រោងសាងសង់ផ្លូវដោយក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី តំណាងដោយ លោក វង្ស សេរីរតនា អគ្គនាយកក្រុមហ៊ុន។

ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមប្រមាណ២៥០នាក់នាឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងអំរគុណចំពោះក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ដែលបានយក​ចិត្តទុកដាក់សម្របសម្រួល កៀងគរថវិកាពីដៃគូរនានា ដើម្បីយកមកសាងសង់ផ្លូវ នៅ​ក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខេត្តបានបន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ​ និង​អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ ​រីក​ចម្រើន​​លើគ្រប់វិស័យជាបន្តទៀតប្រកបដោយ ភាពធន់ សមធម៌ និងនិរន្តរភាព។

ក្នុងនោះ ​ស្នូលនៃយុទ្ធសាស្ត្រ ​បញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច​ ននិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានាសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ។ ពិតណាស់ថា នាពេលកន្លងមកនេះខេត្តរតនគិរី មានការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគន៍​ជាច្រើន ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលឃុំ,សង្កាត់,ស្រុក,ក្រុង,ខេត្ត ឬថវិការបស់ក្រសួង​ពាក់ព័ន្ធនានាដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម ​​ដែលបានតភ្ជាប់​ពីបណ្តាញផ្លូវជាតិទៅគ្រប់មូលដ្ឋានក្រុង,ស្រុក,ឃុំ,សង្កាត់​  ប៉ុន្តែក៏នូវមានផ្លូវជាច្រើនខ្សែរទៀតដែលមិនទាន់​សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ​តាម​លក្ខណ:បច្ចេកទេស។

ដូច្នេះពេលនេះគឺជាការដ្ឋានបើក​សាងសង់​ផ្លូវបេតុងជានិម្មិតរូប ហើយបន្ទាប់ពីកម្មវិធីនេះ ក្រុមហ៊ុនដែលទទួលសិទ្ធិអនុវត្ត នឹងចាប់ផ្តើមសាងសង់ ព្រមៗគ្នា​នៅគ្រប់ការដ្ឋានទាំង៩កន្លែង ស្របទៅតាមកិច្ចសន្យា។ ហើយការសាងសង់ផ្លូវទាំងអស់នេះ គឺជាការកែ​សម្រួល​ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុង ដែលជាផ្នែកមួយ​យ៉ាងសំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុង​ស្រុក​លំផាត់ និងស្រុកកូនមុំ ក៏ដូចបណ្តាឃុំ និងស្រុកដទៃទៀតក្នុងខេត្តរតនគិរីផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្ត បានសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និងជំនាញពាក់ព័ន្ធ​ ត្រូវផ្តល់កិច្ចសហការ សម្របសម្រួលឲ្យបានល្អជាមួយក្រុមហ៊ុនទទួលការ​សាងសង់ ដើម្បី​​ធ្វើឲ្យការអនុវត្តអាចដំណើរការដោយរលូនតាមការគ្រោងទុក។ ជាមួយនេះ ស្នើអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ​របស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូម​ចូលរួម សហការ និងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលប៉ះពាល់​ដែលអាចកើតមានជាយថាហេតុ៕

Written by 

Related posts

Leave a Comment