កងរាជឣាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៥ និង០០នាទី នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះសូល រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានទីលំនៅនៅភូមិចំការឪឡឹក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បាននាំឈ្មោះ សែម ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខណបានប្ដឹងជនសង្ស័យ លើករណីឆបោក ដោយសារតែជនសង្ស័យរូបនោះបានលក់រថយន្ត១គ្រឿង ម៉ាកឡង់គ្រីស្ស័រ ផលិតឆ្នាំ២០១០ ឡើងសេរីឆ្នាំ២០២២ឱ្យខ្លួនដោយប្រើប្រាស់ឯកសារក្លែងក្លាយ ក្នុងតម្លៃ៣១០០០ដុល្លារអាមេរិក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចការ៉ាស់សាំងភីធីធី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយកម្លាំងជំនាញសួរនាំទៅលើជនសង្ស័យ ដោយជនសង្ស័យទទួលស្គាល់ថាខ្លួនពិតជាបានលក់រថយន្តដោយប្រើប្រាស់ឯកសារក្លែងក្លាយពិតប្រាកដមែន។ ដោយទទួលបានការសម្របសម្រួលនីតិវិធីពី លោ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តផងនោះ ទើបមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមៗតែម្ដង ហើយបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់កាបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment