អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov និយាយថា ការរៀបចំកំពុងដំណើរការសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

ការថ្លែងបែបនោះរបស់លោក Peskov គឺធ្វើទ្បើង កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីឆ្លើយជាមួយអ្នកសារព័ត៌មានដែលបានសួរថា តើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដោយលោក Kim ត្រូវបានពិភាក្សានៅពេលដែលលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុនឬយ៉ាងណា។
លោក Peskov បានឆ្លើយថា លោក Kim មានការអញ្ជើញ ត្រឹមត្រូវ ឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយថាពេលវេលានឹងត្រូវបានសម្របសម្រួលតាមរយៈបណ្តាញការទូតនៃប្រទេសទាំងពីរ។
គួររំលឹកថា នៅខែមិថុនា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទៅជួបលោក គីម នៅទីក្រុងព្យុងយ៉ាង។ នៅពេលនោះ លោក ពូទីន បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលបន្ទាប់របស់ពួកគេ នឹងធ្វើឡើងនៅទីក្រុងមូស្គូ។
ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់ Shoigu ជាមួយលោក Kim គាត់បានប្រគល់លិខិតមួយច្បាប់ពីលោកពូទីនដល់មេដឹកនាំកូរ៉េខាងជើង។ ប្រភពការទូតរុស្ស៊ីនិយាយថាក្នុងលិខិតដែលលោកពូទីនបានបន្តការអញ្ជើញលោកគីមទៅធ្វើទស្សនកិច្ចនៅរុស្ស៊ី៕

ដោយ៖ ពេជ្រ