ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ក្នុងវត្តសាលរង្សីយារាម ស្រះរាំង ស្ថិត ភូមិ ស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ប័ណ្ណជ័យលាភីអារាមមេត្រីបរិស្ថាន ជូនដល់ វត្តសាលរង្សីយារាមស្រះរាំង ពីក្រសួងបរិស្ថាន ។

ពិធីនេះមានការចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការខេត្តបន្ទាយមានជ័យ មន្ត្រីអាវុធហត្ថ មន្ត្រីនគបាល ពុទ្ធិបរិស័ទ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ជាច្រើនរយនាក់។
ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ បានមានសង្ឃដិកាថា វត្តសាលរង្សីយារាម ស្រះរាំង ដែលទទួលបានប័ណ្ណជ័យលាភី អារាម មេត្រីបរិស្ថាន នេះដោយវត្តសាលរង្សីយារាម ស្រះរាំង នេះ ដោយ អនុវត្ត ស ៣ ស.ទី១ .វត្តស្អាត បរិស្ថានស្អាត អនាម័យល្អ សំណង់មានរបៀបរៀបរយ ជារមណីយដ្ឋាន សាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ .សទី២ .វត្តស្វាង ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ និងជាកន្លែងដុសខាត់ចិត្តនិស្ស័យ បណ្តុះបញ្ញាស្មារតីឲ្យស្គាល់គុណធម៌ សីលធម៌ សុជីវធម៌ចូលមកងងឹត ត្រឡប់ទៅវិញភ្លឺស្វាង .សទី៣. វត្តស្ងប់ ជាកន្លែងគ្មានអធិករណ៍គ្មានជម្លោះ ជាកន្លែងធ្វើសមាធិកម្មដ្ឋាន ហ្វឹកហាត់ អប់រំចិត្ត បន្ទោបង់នូវកិលេស ធ្វើឲ្យចិត្តស្ងប់ប្រាសចាកគ្រឿងពន្ធកិច្ចនានាគ្រឿងជាប់ជំពាក់នានា។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា វត្តសាលរង្សីយារាម ស្រះរាំង ដែល ទទួលបានប័ណ្ណជ័យលាភីអារាមនិង បានទទួលជ័យលាភី ក្នុងការប្រឡង ប្រណីតអារាម មេត្រីបរិស្ថាន ដោយវត្តសាលរង្សីយារាមស្រះរាំង អនុវត្តបានល្អនេះដោយសា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបកំពុងរស់នៅពោរពេញទៅដោយសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់ វិស័យក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុំ រាត្រីបានបន្តទៀត ថា ពេលនេះជាឱកាសមាសសម្រាប់ការបង្កើនភាពចាស់ទុំខាងស្មារតី និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ព្រមទាំង លើកកម្ពស់សីលធម៌ សង្គម ដើម្បីបង្កើនភាពធន់របស់សង្គម ដែលអាចទប់ទល់នឹងបញ្ហាប្រឈមនានា និងមូលធនសង្គម ដើម្បីរួមគ្នាថែរក្សាសន្តិភាព និង បង្កើនល្បឿននៃការអភិវឌ្ឍ ឈានឆ្ពោះទៅដល់ការសម្រេចបានគោលដៅ នៃការអភិវឌ្ឍជាតិ ស្របតាម ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរដោយស្មោះ ចំពោះព្រះគ្រូចៅអធិការវត្តសាលរង្សីយារាមស្រះរាំង និងលោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង ប្រជា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត សហការ រួមសាមគ្គីគា្នបាន យ៉ាងល្អក្នុងការកសាង អភិវឌ្ឍ និងរៀបចំបានល្អលើការគ្រប់គ្រងអនាម័យ បរិស្ថានស្អាតក្នុងវត្តនេះរហូតទទួលបាននូវប័ណ្ណជ័យលាភីអារាមមេត្រីបរិស្ថាននាពេលនេះ ជាគំរូដ៏ល្អគួរឲ្យគោរព និងមោទនភាពបំផុត ដូច្នេះសូមលើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមទាំងអស់នៅទូទាំងខេត្ត សូមបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍ និងគ្រប់គ្រងវត្តអារាមឲ្យបានល្អថែមទៀត និងជា ពិសេស យកចិត្តទុកដាក់លើផ្នែកអនាម័យល្អ និងបរិស្ថានស្អាត បៃតង ដើម្បីមានឱកាសទទួលបាននូវប័ណ្ណជ័យលាភីអារាមមេត្រីបរិស្ថានគ្រប់ៗវត្តនៅទូទាំងខេត្តបន្ទាយមានជ័យ នាពេលខាងមុខ ដូចដែលវត្តសាលរង្សីយារាមស្រះរាំង ទទួលបាននាពេលនេះផងដែរ៕






