ប្រតិបត្តិការ ជម្លៀសសត្វទន្សោង១៦ក្បាល ទៅកាន់ទីជម្រកសុវត្ថិភាពដោយជោគជ័យ

ស្ទឹងត្រែងៈ បើយោងតាមក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វូនិក ( Rising Phoenix) បានឲ្យដឹងថា សត្វទន្សោង១៦ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតក្នុងពិភពលោក ត្រូវបានផ្លាស់ប្ដូរទៅកាន់ទីជម្រកមានសុវត្ថិភាព ប្រកបដោយជោគជ័យជាលើកដំបូងនៅកម្ពុជា។

សូមជម្រាបថា ប្រតិបត្តិការផ្លាស់ប្តូរទីតាំងសត្វព្រៃជាប្រវត្តិសាស្ត្រមួយនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជម្លៀស សត្វទន្សោងចំនួន ១៦ ក្បាលទៅកាន់ដែនជម្រកសត្វព្រៃសៀមប៉ាង ដែលមានទំហំជាង១៣ម៉ឺនហិកតា នៅប្រទេសកម្ពុជា។

សត្វទន្សោង គឺជាអម្បូរគោព្រៃមួយប្រភេទដែលទើបនឹងដាក់បញ្ចូលជាសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN)។ គេដឹងថា ចំនួនសត្វប្រភេទនេះត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់ដោយសារការដាក់អន្ទាក់និងការបរបាញ់។ គម្រោងមួយនេះគឺមានគោលបំណងបង្កើនចំនួនសត្វប្រភេទនេះឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។

ប្រតិបត្តិការនេះត្រូវបានគ្រោងនិងអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិកនិងគម្រោងអភិរក្សសៀមប៉ាងក្រោមការណែនាំរបស់អភិបាលខេត្តស្ទឹងត្រែងរួមជាមួយមន្ទីរបរិស្ថានខេត្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកងកម្លាំងរាជអាវុធហត្ថខេត្តគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យនិងស្រុកសៀមប៉ាង។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រោយពីបានដឹង និងរកឃើញនូវវត្តមានហ្វូងសត្វទន្សោងនេះកងកម្លាំងរាជអាវុធហត្ថខេត្តរដ្ឋបាលព្រៃឈើនិងមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរួមជាមួយបុគ្គលិកក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិកបានធ្វើការយ៉ាងស្វិតស្វាញក្នុងការទប់ស្កាត់ការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូចរហូតរកបានធនធានគ្រប់គ្រាន់ដើម្បីធ្វើប្រតិបត្តិការការគៀងចាប់និងផ្លាស់ប្ដូរទីតាំង។

ប្រតិបត្តិការនេះបានធ្វើឡើងដោយប្រើឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនHelistar Cambodia ដែលមានអ្នកជំនាញបើក២នាក់,ទីប្រឹក្សាជំនាញផ្នែកគៀងសត្វព្រៃ២នាក់មកពីកម្មវិធីConservation Solutions អាព្រិចខាងត្បូងដែលជាអ្នកឯកទេសចាប់សត្វព្រៃឈានមុខគេ,ជំនាញបសុពេទ្យម្នាក់,និងក្រុមការងារក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិកជាង៣០នាក់។

ដើម្បីសម្រេចបានជោគជ័យនៅសម្រាប់ប្រតិបត្តិការនេះ ក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិកបានសាងសង់របងខ្ទប់រាងជាជីឡាវឬទ្រុងបង្ខាំងនៅក្នុងព្រៃនៅទីតាំងរបស់សត្វទន្សោង។ហ្វូងសត្វទន្សោងទាំងអស់ត្រូវបានគៀងដោយឧទ្ធម្ភាគចក្រឱ្យចូលទៅក្នុងរបងខ្ទប់រាងជាជីឡាវ ហើយគៀងបន្តឱ្យចូលទៅក្នុងរថយន្តដឹកជញ្ជូន។ ប្រតិបត្តិការរយៈពេល៤ថ្ងៃនេះ គឺសត្វទន្សោងចំនួន១៦ក្បាល ដែលមានញីចំនួន១១ក្បាលត្រូវបានគៀងហើយចាប់បាននោះរួមមានឈ្មោលធំ១ក្បាលញីពេញវ័យ៨ក្បាលជំទង់៥ក្បាលនិងកូនតូច២ក្បាល។

សត្វទន្សោងដែលចាប់បានទាំងអស់ត្រូវបានដឹកជញ្ជូនក្នុងរយៈពេល៣ម៉ោងបន្ទាប់ពីចាប់បាននិងដោះលែងទៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងជាទីដែលពួកគេនឹងត្រូវតាមដាននិងការពារ។

ក្រុមហ៊ុនបានលើកឡើងថា៖«ប្រតិបត្តិការនេះគឺជាសមិទ្ធិផលដ៏សំខាន់មួយក្នុងការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជានិងអាស៊ីអាគ្នេយ៍ដែលតំណាងឱ្យការចាប់សត្វព្រៃជាទ្រង់ទ្រាយធំជាគេលើកដំបូងនិងមិនធ្លាប់មានដោយប្រើឧទ្ធម្ភាគចក្រនិងជាលើកដំបូងដែលសត្វទន្សោងត្រូវបានចាប់បាននិងប្តូរទីតាំងប្រកបដោយជោគជ័យដោយប្រើវិធីនេះ»។

វិធីសាស្រ្តនេះបានបង្ហាញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពារប្រភេទសត្វជិតផុតពូជ។សំខាន់ជានេះទៅទៀតវាបានបើកផ្លូវសម្រាប់ប្រតិបត្តិការបែបនេះបន្ថែមទៀតដើម្បីផ្លាស់ប្តូរទីតាំងសត្វទន្សោងផ្សេងទៀតដែលជាប់ក្នុងប្រភេទព្រៃមានការគម្រាមកំហែងទៅកន្លែងផ្សេងដែលមានសុវត្ថិភាពនៅក្នុងប្រទេស។

 លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានម្តែងការសាទរចំពោះជោគជ័យ នៃប្រតិបត្តិការនេះ។ លោកបានកោតសរសើរចំពោះកម្លាំងចម្រុះដែលបានបើកប្រតិបត្តិការគៀងចាប់ហ្វូងសត្វទន្សោងដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាងមកដល់ចំនុចដែលមានការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូចដើម្បីយកទៅរក្សាទុកនិងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញប្រកបដោយជោគជ័យនេះ៕

Written by 

Related posts

Leave a Comment