អគ្គនាយកដ្ឋានរដ្ឋបាល៖ គិតមកដល់បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន ៦.៤២៦

ភ្នំពេញ៖ យោងតាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុប ចំនួន ៦.៤២៦ (សមាគមចំនួន ២.៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៥៥៨) ។

អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងទៀតថា ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសម្រាប់នីតិបុគ្គលមានចំនួនសរុប ៧៨ (សមាគមចំនួន ៧៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥) សមាគមសម្រាប់ជនបរទេសចំនួន ៩ និងសហគមន៍ជនជាតិដើមភាគតិចមានចំនួន១៥៤។ ទន្ទឹមនេះបន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន នាខែសីហា ឆ្នាំ២០១៥ រហូតមក ដល់ខែមករា ឆ្នាំ២០២៥នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ២.០៣០ (ក្នុងនោះសមាគមចំនួន ១.១៨០ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៨៥០)។

អគ្គនាយកដ្ឋានរដ្ឋបាល បញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ១៨ ក្នុងនោះ សមាគមចំនួន ១២(ក្នុងនោះសមាគមប្តូរឈ្មោះចំនួន ១ សមាគមសម្រាប់នីតិបុគ្គលចំនួន១ និងសមាគមសម្រាប់ជនបរទេសចំនួន ១) និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ (ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលប្តូរឈ្មោះចំនួន១)ព្រមទាំងបានលុបឈ្មោះចេញពីបញ្ជីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលចំនួន ៨ (ក្នុងនោះសមាគមចំនួន ៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥)។

ជាមួយគ្នានោះដែរ ក៏បានពិនិត្យនិងសម្រេចទទួលស្គាល់ស្ថានភាព នៃការប្រែប្រួលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបខំនួន ១៧ (សមាគមចំនួន ៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១០) ។ ផ្អែកតាមលទ្ធផលនៃការធ្វើជំរឿន រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំការជូនដំណឹង ស្តីពីការបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ កំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួនសរុប ១.៣៨០ (សមាគមចំនួន៥៦៦ និង អង្គការមិនមែនរដ្ឋាភិបាលចំនួន៨១៤) ៕

Written by 

Related posts

Leave a Comment