ខែមករា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៧.០៩៤សេវា

ភ្នំពេញ៖ តាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៧.០៩៤សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាដែលបានផ្តល់ក្នុងវិស័យទាំង១៤ឃើញថា វិស័យរៀបចំដែនដី នគរូបនីយកម្ុម និងសំណង់ បានផ្តល់សេវាច្រើនជាងគេចំនួន ២៤.១៥៩សេវា (ស្មើនឹង២៧,៧៤%) ។

អគ្គនាយកដ្ឋានរដ្ឋបាល បញ្ជាក់ថា «ក្នុងខែមករា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៧.០៩៤សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាដែលបានផ្តល់ក្នុងវិស័យទាំង១៤ឃើញថា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សេវាច្រើនជាងគេចំនួន ២៤.១៥៩សេវា (ស្មើនឹង២៧,៧៤%) បន្ទាប់មកគឺ ការងាររដ្ឋបាលផ្តល់សេវាចំនួន ២៣.៧៥៣សេវា (ស្មើនឹង២៧,២៧%) ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យពាណិជ្ជកម្ម និងវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន ១សេវា (ស្មើនឹង០,០០១%)» ។

ទន្ទឹមនឹងនោះអង្គភាពច្រកចេញចូល តែមួយ រាជធានី ខេត្តទទួលបានចំណូលពីការផ្តល់សេវារដ្ឋបាលសរុបចំនួន ១០.៨២៤.១២៩.១១០រៀល (ស្មើនឹង ២.៧០៦.០៣២,២៧ដុល្លារអាម៉េរិក) ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៤ ឃើញថា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលបានចំណូលខ្ពស់ជាងគេគឺចំនួន ៧.៤៧២.២៧៧.១៦០រៀល(ស្មើនឹង ៦៩,០៣%) បន្ទាប់មក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានចំណូលចំនួន ៩២៨.៧៩០.៣៥០រៀល (ស្មើនឹង ៨,៥៨%) ចំពោះវិស័យដែលទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម និងវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន ២០០.០០០រៀល(ស្មើនឹង ០,០០២%)»។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានអនុវត្តកិច្ចការចាំបាច់ មួយចំនួន និងផ្តល់ការគាំទ្រដល់អង្គភាពច្រកចេញចូលតែមួយដូចខាងក្រោម៖

– បានចុះសិក្សាអំពីស្ថានភាពការផ្ដល់សេវារដ្ឋបាលក្នុងវិស័យទាំង១៤ និងសេវាផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល បន្ទាយមានជ័យ ឧត្ដរមានជ័យ ស្ទឹងត្រែង ព្រះវិហារ និងរាជធានីភ្នំពេញ

–បានចុះសិក្សា និងពិគ្រោះយោបល់ អំពីការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលខេត្តស្វាយរៀង

–បានប្រជុំពិភាក្សា អំពីការរៀបចំបច្ចេកទេស នៃការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធគ្រប់គ្រង និងផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ជាមួយប្រព័ន្ធផ្ដល់សេវាស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធអនឡាញ ZOOM ។

ជាមួយគ្នានោះក្នុងខែមករា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌបានផ្តល់សេវាសរុប ចំនួន ៣៨៥.៦២៤សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ឃើញថា ការងារអត្រានុកូលដ្ឋាន បានផ្តល់សេវាបានច្រើនជាងគេគឺចំនួន ២១២.៩៣៦សេវា (ស្មើនឹង៥៥,២២%) បន្ទាប់មកការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន១៥០.៥១៦សេវា (ស្មើនឹង៣៩,០៣%) ។ ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យបរិស្ថានបានផ្តល់សេវាចំនួន ១សេវា (ស្មើនឹង០,០០០៣%) និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន ។ រយៈពេលដូចគ្នានេះដែរ ការិយាល័យច្រក ចេញចូលតែមួយទទួលបានចំណូលសរុបចំនួន ១.១៥០.១៨៩.១១០រៀល(ស្មើនឹង២៨៧.៥៤៧,២៧ដុល្លារអាម៉េរិក) ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ ឃើញថាវិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន៣១៤.៨០៩.៩០០រៀល (ស្មើនឹង២៤,១៥%) បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ២០៩.៨៣០.០០០រៀល (ស្មើនឹង២០,៤២%) ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺ វិស័យបរិស្ថានបាន ទទួលចំណូលចំនួន ៤០០.០០០រៀល (ស្មើនឹង០,០០៣%) និងវិស័យដែលមិនទទួលបានចំណូលគឺ ការងារអត្រានុកូលដ្ឋាន វិស័យពាណិជ្ជកម្ម វិស័យធម្មការ និងសាសនា ៕

Written by 

Related posts

Leave a Comment