Raul Asencio ខ្សែការពារកណ្តាល Real Madrid វ័យ ២១ ឆ្នាំកំពុងត្រូវបានស៊ើបអង្កេតជាមួយកីឡាករបីនាក់ផ្សេងទៀតទាក់ទងនឹងការចោទប្រកាន់ពីបទចែកចាយវីដេអូអាសអាភាស ដែលម្នាក់ត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងអនីតិជន។
នៅថ្ងៃទី ១៣ ខែកុម្ភៈ តុលាការអេស្ប៉ាញបានច្រានចោលសំណើសុំទម្លាក់ការស៊ើបអង្កេតលើកីឡាករ Raul Asencio ។ នេះមានន័យថា កីឡាករអាចត្រូវបានកាត់ទោស និងនាំយកទៅតុលាការ ប្រសិនបើរកឃើញថាមានកំហុស ។ នេះបើយោងតាមសារព័ត៌មាន The Athletic។
ករណីដែលបានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២៣ ឃើញ Asencio និងកីឡាករ Real Madrid បីនាក់ផ្សេងទៀត Ferran Ruiz វ័យ២១, Juan Rodriguez វ័យ២២ និង Andres Garcia វ័យ២១ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកវីដេអូរអាសអាភាសតាមរយៈ WhatsApp ។ ប៉ូលិសបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោមអ្នកថតវីដេអូនោះមានអាយុក្រោម ១៦ ឆ្នាំនៅពេលនោះ។
អាជ្ញាធរបានចាប់ខ្លួន Ruiz, Rodriguez និង Garcia ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដោយដំបូងកំណត់អត្តសញ្ញាណ Asencio ជាសាក្សី។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់ក្រោយមកបានផ្លាស់ប្តូរទៅជាជនសង្ស័យ ដោយជំរុញឱ្យមានការស៊ើបអង្កេតបន្ថែមទៀត។
ជុំវិញបញ្ហានេះ Real Madrid មិនទាន់ចេញការអត្ថាធិប្បាយជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែកត់សម្គាល់នៅលើគេហទំព័ររបស់ពួកគេថា កីឡាករនេះលេងក្រុម B ម្នាក់ និងបីនាក់មកពីក្រុម C ត្រូវបានប៉ូលីសសាកសួរពាក់ព័ន្ធនឹងការចែកចាយវីដេអូអាសអាភាស៕
