បន្ទាយមានជ័យ ៖ រថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យចំនួនជាង១០០រថយន្តនិងមនុស្សជាង៣០០នាក់ កាលពីល្ងាច និងយប់ថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៥ បានទៅបោះតង់លើកទី៣ ដើម្បីជំរុញទេសចរណ៍និងអភិរក្សសត្វស្លាប នៅតំបន់ការពារធម្មជាតិរហាលកេះ – អាវៀន ស្ថិតនៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីជ័យ ណារី ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធបានអញ្ជើញដឹកនាំ និងសហការផងដែរ។នេះបើតាមលោកជា តារា ប្រធានក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក(OFF ROAD ) ខេត្តបន្ទាយមានជ័យនិងលោកតាប់ ខែម ប្រធានក្រុមជិះកង់ខេត្តបន្ទាយមានជ័យអោយដឹង ។
ជាការសង្កេត គេឃើញថា នៅឆ្នាំ២០២៥ នេះ ការរៀបចំព្រឹត្តិការណ៍បានឧឡារឹកជាងលើកទី១ កាលពីឆ្នាំ២០២១ និងលើកទី២ កាលពីឆ្នាំ២០២៣ ដោយមានទាំងរថយន្ត ទាំងសមាសភាពអ្នកចូលរួមចម្រុះ ច្រើនជាងមុន មកពីក្នុង និងក្រៅខេត្តផង ។ឯកន្លែងបោះតង់បានធ្វើនៅមាត់រហាលមួយ នៅឆ្ងាយបន្តិចពីពីរហាលកេះ(ទីអភិរក្សមច្ឆ:ជាតិ) និងអាវៀន(ទីអភិរក្សសត្វស្លាបទឹក) ។
នៅទីបោះជំរំលើកនេះ ក៏មានរៀបចំរថយន្តដឹកទឹកនិងរថយន្តបង្គន់អនាម័យចល័តបម្រើសេវាងូតទឹកនិងបន្ទោបង់ ។ហើយការញ៉ាំងការកំសាន្តសប្បាយ ក៏ប្រសើរដោយញ៉ាំអាហារ ភេសជ្ជ: ផ្លែឈើនិងការរាំច្រៀងកំសាន្តក៏រៀបចំល្អជាងមុនដែរ ។

ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ វិន័យ អនាម័យបានល្អប្រសើរដូចមុន ជាដើម ។ ប៉ុន្តែ ឆ្នាំ២០២៥ នេះ ធ្វើឡើងតែ១យប់ មិនដូចកាលពីខែមីនាឆ្នាំ២០២១និងខែកុម្ភ:ឆ្នាំ២០២៣ ដែលធ្វើឡើង២ៗយប់ ។
អំពីទិដ្ឋភាពទូទៅ ទាំងលោកជា តារា ទាំងលោកតាប់ ខែម ព្រមទាំងលោកអ៊ុ រាត្រី អភិបាលខេត្តបានរំពឹងទុកថា : សារនិងរូបភាពពីព្រឹត្តិការណ៍បោះជំរំពេលយប់នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀនលើកនេះនឹងរឹងរឹតតែជួយជំរុញកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិច្រើនឡើងមកទស្សនាទីនេះ ..។
ឆ្លៀតក្នុងឱកាសនោះ ដែរ លោក អ៊ុ រាត្រី ក៏បាន ណែនាំមន្ត្រី ,អ្នកពាក់ព័ន្ធអោយមកសហការនឹងលោកខុង ប៊ុន មេឃុំឈ្នួរមានជ័យ-ប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកេះ -អាវៀននិងសហការីដើម្បីរៀបចំព្រឹត្តិការណ៍”ចាប់ត្រីរួមគ្នា” នៅបឹងបម្រុងទុកណាមួយ ដោយមានមនុស្សរាប់ពាន់ ម៉ឺននាក់ចូលរួមនាពេលខាងមុខឬឆ្នាំក្រោយៗ ។ពោលគឺដូចព្រឹត្តិការណ៍ចាប់ត្រីរួមគ្នាដែលជាប្រពៃណី ទំនៀមទម្លាប់់អ្នកស្រុកនៅខេត្តត្បូងឃ្មុំនិងនៅខេត្តសៀមរាបជាដើម ។

សូមរំលឹកថា ដើម្បីចូលទៅទស្សនាតំបន់ការពារធម្មជាតិរហាលកេះ -អាវៀន ភ្ញៀវអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្តឬយានយន្តគ្រប់ប្រភេទតាមផ្លូវគោកទៅទស្សនាសត្វស្លាបទឹកនិងសត្វស្លាបគោកប់ពីចុងខែមករា ដើមខែកុម្ភៈ តទៅ ។ពិសេសថ្ងៃ សៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក គឺធ្វើដំណើរលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ទីនោះ ។នៅវេលាម៉ោង៥:៣០នាទី ទៅម៉ោង៦ល្ងាចបងប្អូនភ្ញៀវអាចអង្គុយមើលថ្ងៃលិច មើលសត្វស្វាបរាប់ម៉ឺនក្បាលហើរវិលចូលទ្រនំ ។ក៏មើលការនេសាទត្រីជាលក្ខណៈ:គ្រួសារនិងជិះទូក បណ្តែតខ្លួនលើរហាលកេះផងដែរ ។
គួរបញ្ជាក់ថា រហាលកេះ – អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល) ទីអភិរក្សអេកូូទេសចរណ៍មច្ឆៈជាតិនិងសត្វស្លាបដែលសហគមន៍ វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី។តំបន់នេះ អាចចែកជា២ ផ្នែក ៖

ទី១ -ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆៈជាតិចម្រុះដូចជាត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង….។ វាមានទំហំចំនួន០៥ហិកតា ដែលហៅថារហាលកែស។
និងទី២ -ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំ ពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកកុផងមានដល់សែនក្បាល) មានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។ហើយឈ្មោះរួមនៃទីអភិរក្សនេះគេហៅថាទីអភិរក្សរហាលកែស អាវៀន ។ចំពោះសមាសភាពសត្វស្លាបគឺមានជិត១០ប្រភេទដែលជាសត្វស្លាបសំខាន់ៗដូចជាក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុុម មាន់ទឹក ជាដើម។ក្រៅពីនោះសត្វកុកមានច្រើនលើសលុប ៕
សូមជំរាបជូនថា ដើម្បីទៅដល់ទីនោះ :
ទី១ -ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ត្រូវបត់ចុះទៅត្បូងកាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង៧គ.ម ។
ទី២ -ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រងស្ពាននិងវត្តស្រមោចភូមិស្រមោចឃុំ /ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅជើងក្នុងចម្ងាយប្រមាណជាង២គម ឬបើគិតពីក្រុងសិរីសោភ័ណ វាមានចម្ងាយជាង២០គម ៕

