មន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងម្នាក់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក គួរតែបោះបង់ចោលការគំរាមកំហែងផ្នែកយោធា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ដោយដកស្រង់សម្តី ។

របាយការណ៍របស់ KCNA បានដកស្រង់សម្តីប្រធានទីបញ្ជាការខាងជើងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលបារម្ភអំពីសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) កូរ៉េខាងជើង ដែលអាចហោះទៅដល់ដីគោករបស់ខ្លួន ។
របាយការណ៍ បានបន្ថែមថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពប្រឈមមុខដាក់គ្នា ដូចជាការរៀបចំផែនការធ្វើសមយុទ្ធសង្គ្រាមជាមួយកូរ៉េខាងត្បូង និងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េ ។
របាយការណ៍ បន្តថា វាគឺជាសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវអំណាចការពារខ្លួនឯង ប៉ុណ្ណោះ ៕

ដោយ៖ ពេជ្រ