អ៊ុយក្រែនបាន និងកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗក្នុងការអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ Wall Street Journal កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ និងអ្នកជំនាញ។
ទោះបីជាមានការសន្យានាពេលថ្មីៗនេះដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ដើម្បីបង្ហាញកម្មវិធីមីស៊ីលដ៏សំខាន់មួយនៅចុងឆ្នាំនេះក៏ដោយ ក៏ប្រទេសនេះខ្វះខាតថវិកា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ផលិតអាវុធក្នុងទ្រង់ទ្រាយធំ ហើយទំនងជានៅតែពឹងផ្អែកលើការផ្គត់ផ្គង់របស់លោកខាងលិចសម្រាប់ អនាគត។
កាលពីខែមុនលោក Umerov បានប្ដេជ្ញាថា ក្រុងកៀវនឹងដាក់ចេញ កម្មវិធីមីស៊ីលដ៏ធំដែលមានគោលបំណងពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ ខណៈពេលដែលព័ត៌មានលម្អិតនៅតែរក្សាការសម្ងាត់យ៉ាងទូលំទូលាយ ក្រុមមន្ត្រីបាននិយាយថា ករណីនេះកំពុងដំណើរការហើយ ដោយយ៉ាងហោចណាស់ការធ្វើតេស្តមួយត្រូវបានធ្វើឡើងនៅក្នុងខែសីហាកន្លងទៅផងដែរ ប៉ុន្តែអ្វីៗស្ងាត់ឈឹង។
លោក Anna Gvozdiar អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែនបានបញ្ជាក់ថាប្រទេសនេះកំពុងធ្វើការលើគម្រោងកាំជ្រួចជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែនបានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃសុក្រថា កម្មវិធីនេះកំពុងជួបបញ្ហាដោយសារតែកង្វះហិរញ្ញវត្ថុ និងអសមត្ថភាពរបស់ប្រទេសក្នុងការផលិតមីស៊ីលក្នុងកម្រិតមួយ។
លោក Aleksandr Kamyshin ទីប្រឹក្សារបស់លោក Vladimir Zelensky ទទួលកិច្ចការយុទ្ធសាស្ត្រ បានពន្យល់ថា អ៊ុយក្រែន មិនមានលុយគ្រប់គ្រាន់ទេសម្រាប់គំនិតផ្តួចផ្តើមផលិតមីស៊ីលនេះ។ សម្ព័ន្ធមិត្តលោកខាងលិចបានបង្ហាញពីចំណាប់អារម្មណ៍តិចតួចក្នុងការគាំទ្រដោយផ្ទាល់ដល់កម្មវិធីផលិតមីស៊ីលរបស់អ៊ុយក្រែន ខណដែលសហរដ្ឋអាមេរិកបានជំរុញឱ្យទីក្រុងកៀវផ្តោតលើការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយជំនួសវិញ ដោយបានលើកឡើងពីប្រសិទ្ធភាពនៃការចំណាយច្រើន។
សមាជិកសភាលោក Egor Chernev អនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកសន្តិសុខ និងការពារជាតិ ក៏បាននិយាយបន្ថែមពីកង្វល់ខាងលើ ដោយបញ្ជាក់ថា ប្រទេសនេះកំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានសមាសធាតុមីស៊ីលចាំបាច់សម្រាប់បម្រើឲ្យការផលិត។
របាយការណ៍នេះក៏គូសបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍កាំជ្រួចរបស់អ៊ុយក្រែនត្រូវបានរារាំងដោយសារគ្មានកម្លាំងពលកម្ម ព្រោះតែការធ្វើចំណាកស្រុកយ៉ាងច្រើននៃប្រជាជនអ៊ុយក្រែន និងការបន្តការចុះចូល និងការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រផលិត។
លោក Chernev បានទទូចថាកម្មវិធីមីស៊ីលជិតដំណើរការហើយ ដោយនិយាយថា នឹងមានលទ្ធផលជាក់ស្តែងឆាប់ៗនេះ ដែលមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសហព័ន្ធរុស្ស៊ីក៏នឹងឃើញផងដែរ។
តាមរបាយការណ៍របស់ WSJ នោះធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនប្រើប្រាស់កាំជ្រួច ATACMS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ីនៅក្នុងតំបន់ Kursk និង Bryansk ។ ជាការឆ្លើយតប រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចមីស៊ីលលឿនជាងសំឡេង Oreshnik ដែលទើបនឹងបង្កើតថ្មីរបស់ខ្លួននៅឯមូលដ្ឋានយោធាអ៊ុយក្រែននៅទីក្រុង Dnepropetrovsk ។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការផលិតទ្រង់ទ្រាយធំនូវOreshnik ហើយបានព្រមានថា ការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចបន្ថែមទៀតរបស់អ៊ុយក្រែន នឹងបណ្តាលឱ្យមានការវាយប្រហារសងសឹកបន្ថែមទៀត៕
ដោយ៖ ពេជ្រ