ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលនឹងផ្តល់ជំនួយសង្គ្រោះបំណុលដល់អ្នកដែលចុះឈ្មោះក្នុងជួរយោធា។ ចំណាត់ការនោះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ហើយត្រូវបានគេមើលឃើញថាជាជំហានមួយដើម្បីជ្រើសរើសទាហានបន្ថែមទៀតសម្រាប់បម្រើឲ្យការប្រយុទ្ធនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ច្បាប់នេះក៏បានផ្តល់ការលើកលែងទាំងស្រុងចំពោះបំណុលដែលបុគ្គលម្នាក់ៗជំពាក់រហូតដល់ ១០ លានរូប្លែ ឬប្រហែល ៩៦,០០០ដុល្លារដល់អ្នកជ្រើសរើសថ្មី ប្រសិនបើពួកគេចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំ ឬយូរជាងនេះគិតចាប់ពីថ្ងៃទី ១ ខែធ្នូ រហូតដល់ថ្ងៃទី១ ខែធ្នូឆ្នាំក្រោយ ឬយូរជាងនេះ។ វិធានការនេះក៏អនុវត្តចំពោះប្តីប្រពន្ធរបស់ពួកគេផងដែរ។
រដ្ឋបាលលោក ពូទីន បាននឹងកំពុងព្យាយាមជ្រើសរើសទាហានជាប់កិច្ចសន្យា ជាជាងការបង្កើនការជ្រើសរើសទ័ពថ្មី ដែលប្រឈមមុខនឹងការមិនសប្បាយចិត្តរបស់សាធារណៈជន។
ប្រាក់បៀវត្សរ៍ខ្ពស់សម្រាប់ទាហានជាប់កិច្ចសន្យា និងការលើកលែងទោសសម្រាប់អ្នកទោសដែលត្រូវបានកាត់ទោសដែលបានចុះឈ្មោះក្នុងជួរកងទ័ពត្រូវបានផ្តល់ជូនផងដែរ។ ទន្ទឹមនោះរុស្ស៊ីក៏កំពុងជ្រើសរើសជនបរទេសដើម្បីពង្រឹងកម្លាំងរបស់ខ្លួនដើម្បីប្រយុទ្ធនៅអ៊ុយក្រែនថែមទៀត។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលយេម៉ែនរាប់រយនាក់ទៅកាន់ជួរមុខក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍បាននិយាយថា បុរសទាំងនោះត្រូវបានផ្តល់ការងារ ប្រាក់ខែខ្ពស់ និងសូម្បីតែសញ្ជាតិរុស្ស៊ី ប៉ុន្តែត្រូវបានបង្ខំឱ្យចូលបម្រើយោធាបន្ទាប់ពីបានមកដល់ប្រទេសរុស្ស៊ី។ ក្នុងនោះជនជាតិឥណ្ឌា និងនេប៉ាល់មួយចំនួនក៏ត្រូវបានបញ្ជាក់ក្នុងចំណោមជនបរទេសដែលជួលដោយកងកម្លាំងរុស្ស៊ី៕
ដោយ៖ ពេជ្រ