នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់អាមេរិក បានធ្វើការចូលចតក្នុងកំពង់ផែប្រទេសកូរ៉េខាងត្បូង ខណកូរ៉េខាងជើងនិយាយថា ទង្វើនេះធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។

កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចនៅថ្ងៃអង្គារបានបង្ហាញនូវសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
សេចក្តីថ្លែងការណ៍នេះបានបរិហារសហរដ្ឋអាមេរិកចំពោះការមិនអើពើជាចំហចំពោះកង្វល់សន្តិសុខរបស់កូរ៉េខាងជើង ខណដែលនាវា USS Alexandria ត្រូវបានគេរាយការណ៍ថាបានមកដល់ទីក្រុង Busan មួយថ្ងៃមុននេះ។
អ្នកនាំពាក្យបាននិយាយថា យោធាកូរ៉េខាងជើងនឹងធ្វើសកម្មភាពដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង អនុវត្តសិទ្ធិស្របច្បាប់ក្នុងការដាក់ទណ្ឌកម្មអ្នកបង្កហេតុ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងសាកល្បងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអះអាងថា លោកបើកចំហរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប៉ុន្តែថ្មីៗនេះ លោក គីម បាននិងកំពុងផ្តោតលើការពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាមួយនឹងការផ្តល់កងទ័ពរាប់ពាន់នាក់ កាំភ្លើងធំចម្ងាយឆ្ងាយចំនួន 200 ដើម និងគ្រាប់រំសេវ យ៉ាងច្រើនថែមទៀត។ ផ្តើមពីនោះកូរ៉េខាងជើងក៏បានបង្ហាញនូវក្តីសង្ឃឹមថា ទីក្រុងមូស្គូនឹងជួយក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងផ្តល់បច្ចេកវិទ្យាឡើងវិញសម្រាប់មីស៊ីលផ្លោងអន្តរទ្វីប៕

ដោយ៖ ពេជ្រ